អាជ្ញាធរខេត្តចំនួន ៤ ជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ ជួបជាមួយសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងមូលដ្ឋាន
ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ២១សហគមន៍ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តទាំងបួន ដើម្បីស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ព្រមទាំងបញ្ហាប្រឈមនានា ដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងគោលបំណងការពារព្រៃឈើដែលនៅសេសសល់ និងរក្សាស្ថិរភាពជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៦ កម្លាំងចម្រុះដែលរួមមានមន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី (ភាគច្រើនជាករណីទន្ទ្រានដីព្រៃ និងការកាប់ឈើខុសច្បាប់)។ ក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន ៨៣ ករណី ទៅកាន់តុលាការ និងឃាត់ខ្លួនជនសង្ស័យបាន ១៣នាក់។ ប្រតិបត្តិការនាពេលកន្លងមកនេះ មន្ត្រីបានរឹបអូសសម្ភារបទល្មើស ដូចជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានជំរុញការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការលើកកម្ពស់ជីវភាព និងការបង្កើតសក្តានុពលលំហែបៃតង ដើម្បីពង្រឹងការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ នៅក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបានលើកទឹកចិត្តឱ្យអាជ្ញាធ ឬថ្នាក់ក្រោមជាតិបន្តកិច្ចសហប្រតិបត្តិការ រួមជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចុះល្បាតធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក៏ដូចជាបន្តយកចិត្តទុកដាក់លើការបណ្តុះ និងការដាំដើមឈើឡើងវិញឱ្យបានច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើគម្របបៃតងនៅកម្ពុជា និងដើម្បីប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០៕