ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

-----

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា "វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់។ អនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា"។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងឱកាសអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ « ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ » ។

សម្តេចបវរធិបតី បានបន្តថា "ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាន នូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប គឺជាអ្នកផ្តល់ នូវការថែទាំសំខាន់ៗក្នុងពេលពរពោះ, ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្ត្រីជាមាតា និងទារកក្រោយសម្រាល"។

ទិវាឆ្មបជាតិ-អន្តរជាតិរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ គឺ៖ ១)អបអរសាទរ និងលើកកម្ពស់វិជ្ជាជីវៈឆ្មប ២)បង្កើនការវិនិយោគលើការបណ្តុះបណ្តាលឆ្មបទាំងមុនពេល និងក្នុងពេលបម្រើការងារ ៣)លើក កម្ពស់ ភាព ជាអ្នកដឹកនាំ តួនាទី សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈឆ្មប ដើម្បីចូលរួមកាត់បន្ថយ អត្រា ស្លាប់ របស់ មាតា និងទារក និង៤)ពង្រឹងបណ្តាញឆ្មបទាំងក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងបង្កើន កិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍៕