ព័ត៌មានអន្តរជាតិ

គេឃើញនាវាជាច្រើនធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស ក្រោយអាម៉េរិកអះអាងថាបានជួយនាវា ២ គ្រឿងឱ្យឆ្លងកាត់ដោយសុវត្ថិភាព ខណៈភាគីអ៊ីរ៉ង់ចេញមុខបដិសេធ

image


អ៊ីរ៉ង់៖ គេឃើញមាននាវាជាច្រើនបានធ្វើនាវាចរណ៍ឡើងវិញ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក អះអាងតាមរយៈបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា ខ្លួនបានសម្រេចជោគជ័យក្នុងការការពារនាវាពាណិជ្ជកម្មអាម៉េរិកចំនួន ២ គ្រឿងឱ្យឆ្លងកាត់តំបន់រឹតត្បិតនេះដោយសុវត្ថិភាព ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «គម្រោងសេរីភាព» ដោយមានវត្តមានរបស់នាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាម៉េរិក ។

ការអះអាងរបស់អាម៉េរិកត្រូវភាគីអ៊ីរ៉ង់បដិសេធភ្លាមៗ ដោយចាត់ទុកថាជាព័ត៌មានមិនពិត។ កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានវាយបកថា សេចក្តីថ្លែងការណ៍របស់អាម៉េរិកគឺជាការភូតកុហក ក្នុងបំណងបិទបាំងស្ថានភាពជាក់ស្តែងនៅតាមផ្លូវទឹកដែលអ៊ីរ៉ង់ធ្លាប់បានព្រមានបិទចំពោះប្រទេសណាដែលខ្លួនចាត់ទុកថាជាសត្រូវ ។

ភាពតានតឹងនេះ គឺជាលទ្ធផលនៃជម្លោះដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈ ក្រោយអាម៉េរិក និងអ៊ីស្រាអ៊ែល បើកប្រតិបត្តិការយោធារួមគ្នា ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ រហូតនាំឱ្យមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមក និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈការបិទខ្ទប់កំពង់ផែពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពនៃការដឹកជញ្ជូនទំនិញ និងថាមពលសកល ។

បើទោះបីជាបច្ចុប្បន្នមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ប៉ុន្តែបរិយាកាសនយោបាយ និងយោធានៅក្នុងច្រកសមុទ្រមួយនេះ នៅតែមានភាពផុយស្រួយ។ ការចរចារវាងគូជម្លោះទាំងពីរហាក់មិនមានវឌ្ឍនភាពទៅមុខសោះឡើយ ដែលជាហេតុធ្វើឱ្យការធ្វើដំណើរតាមច្រកសមុទ្រ ហ័រមូស (Hormuz) នៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video