សង្គម

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន

image


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម៕

អត្ថបទ៖ ហ៊ន សុភ័ក្រ