ព័ត៌មានអន្តរជាតិ

អូស្ត្រាលី និងជប៉ុន ឈានដល់កិច្ចព្រមព្រៀងពង្រឹងសន្តិសុខសេដ្ឋកិច្ច និងថាមពល ក្នុងគ្រាដែលវិបត្តិមជ្ឈិមបូព៌ារង្គើទីផ្សារសកល

image

អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ច និងថាមពល ចំពេលដែលពិភពលោកកំពុងជួបប្រទះនូវអស្ថិរភាពដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ជំនួបកម្រិតកំពូលរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស និងសមភាគីជប៉ុន សាណាអិ តាកាអ៊ីឈិ ក្នុងទីក្រុងកង់បេរ៉ា កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់លើការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលទីផ្សារសកល ជាពិសេសលើការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ ។

ទំនាក់ទំនងថាមពលរវាងអូស្ត្រាលី និងជប៉ុនមានភាពស្អិតរមួតខ្លាំង ដោយអូស្ត្រាលីផ្គត់ផ្គង់ឧស្ម័នធម្មជាតិ LNG ជិតពាក់កណ្តាលនៃការនាំចូលសរុបរបស់ជប៉ុន ខណៈជប៉ុនផ្តល់ត្រឡប់ទៅវិញនូវប្រេងចម្រាញ់ដែលមានសារៈសំខាន់ដល់វិស័យដឹកជញ្ជូនអូស្ត្រាលី។ ការរំខានដល់ចរាចរណ៍នាវាតាមច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាទីតាំងយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងសកល បានក្លាយជាកម្លាំងរុញច្រានឱ្យប្រទេសទាំងពីរត្រូវតែពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រៀងៗខ្លួន ។

ក្រៅពីវិស័យថាមពល កិច្ចសហប្រតិបត្តិការថ្មីនេះ ក៏ផ្តោតសំខាន់លើរ៉ែសំខាន់ៗដែលចាំបាច់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា និងការផ្លាស់ប្តូរថាមពលស្អាត។ គោលការណ៍យុទ្ធសាស្ត្រថ្មីនឹងជួយឱ្យប្រទេសទាំងពីរមានស្វ័យភាពជាងមុន និងមានភាពធន់នឹងវិបត្តិនានា ដែលអាចប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ។

វិស័យការពារជាតិ ក៏ជាសសរស្តម្ភដ៏រឹងមាំមួយទៀត ដោយជប៉ុនបានយល់ព្រមផ្គត់ផ្គង់នាវាចម្បាំងទំនើបៗដល់អូស្ត្រាលី ក្រោមគម្រោងដែលមានតម្លៃប្រមាណជា ៧ ពាន់លានដុល្លារ។ ការរួមបញ្ចូលគ្នា និងកិច្ចសហការរវាងឧស្សាហកម្មការពារជាតិនៃប្រទេសទាំងពីរ ត្រូវគេរំពឹងថានឹងជួយបង្កើនសមត្ថភាពយោធា និងគាំទ្រដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រី Takaichi នាពេលនេះ ក៏មានអត្ថន័យជានិមិត្តរូបនៃការរំឭកខួប ៥០ ឆ្នាំនៃចំណងមិត្តភាពផ្លូវការរវាងប្រទេសទាំងពីរផងដែរ។ យុទ្ធសាស្ត្រពង្រឹងសន្តិសុខសេដ្ឋកិច្ច និងការពារជាតិនេះ នឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីសម្រាប់រយៈពេល ៥០ ឆ្នាំទៅមុខទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព | រូបភាព៖ VIORY