ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកការបញ្ចប់ MoU 2001 របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ខណៈកម្ពុជា ជ្រើសយកយន្តការផ្សះផ្សារដោយចាប់បង្ខំ បានបញ្ជាក់សាជាថ្មី អំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ ជាមួយប្រទេសជិតខាងដោយសន្ដិវិធី

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ថា គណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេច ស្ដីពីការបញ្ចប់នូវ អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ។ លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នូវបញ្ហាទាមទារត្រួតគ្នា ក្នុងដែនសមុទ្ររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ រវាងប្រទេសយើងទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរ កំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដែនសមុទ្រត្រួតគ្នា និងការដោះស្រាយបញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ។

លោក ប្រាក់ សុខុន បានបន្តថា កម្ពុជា សម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះការសម្រេចរបស់គណៈរដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេច ស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា មិនមានជម្រើសអ្វីប្រសើរជាង ការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយចាប់បង្ខំ ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ពីព្រោះវាជាយន្តការដែលត្រូវបានបង្កើតឡើង ដើម្បីជួយទៅដល់រដ្ឋភាគី ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។

លោក ប្រាក់ សុខុន បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ឬក៏ការដកខ្លួនចេញ MoU 2001 របស់ភាគីថៃនេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចជ្រើសរើសយកយន្តការ ផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានបញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ ជាមួយប្រទេសជិតខាងដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ៕

អត្ថបទ៖ សន ពិសិដ្ឋ