ព័ត៌មានអន្តរជាតិ

ជនមានពិការភាព ចូលរួមចម្អិនអាហារក្ដៅៗសម្រាប់ជនភៀសខ្លួនដោយសារតែសង្គ្រាមនៅលីបង់

image

លីបង់៖ នៅក្នុងទីក្រុងស៊ីដុន (Sidon) ប្រទេសលីបង់ ក្រុមជនមានពិការភាព បានប្រែក្លាយខ្លួនពីអ្នករងគ្រោះ មកជាអ្នកផ្តល់ជំនួយវិញ តាមរយៈការចូលរួមជាអ្នកស្ម័គ្រចិត្តនៅក្នុងផ្ទះបាយសហគមន៍។ ពួកគេបានចំណាយកម្លាំងកាយចិត្តក្នុងការរៀបចំអាហារក្តៅៗរាប់រយចំណែកជារៀងរាល់ថ្ងៃ ដើម្បីចែកជូនដល់ក្រុមគ្រួសារដែលត្រូវបង្ខំចិត្តបោះបង់ផ្ទះសម្បែងដោយសារតែសង្គ្រាម។ សកម្មភាពនេះ មិនត្រឹមតែជួយដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់នូវក្តីសង្ឃឹម និងអត្ថន័យថ្មីសម្រាប់ជីវិតរបស់ពួកគេផ្ទាល់ផងដែរ ។

គម្រោងមនុស្សធម៌នេះ មានគោលដៅសំខាន់ពីរ គឺការឆ្លើយតបនឹងកង្វះខាតស្បៀងអាហារបន្ទាន់ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាព។ តាមរយៈការរៀនជំនាញចម្អិនអាហារ និងការគ្រប់គ្រងផ្ទះបាយ អ្នកចូលរួមអាចពង្រឹងសមត្ថភាពខ្លួនឯងដើម្បីស្វែងរកការងារធ្វើ និងឈានទៅរកការរស់នៅដោយឯករាជ្យផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ បច្ចុប្បន្ន ផ្ទះបាយសហគមន៍នេះ គឺជាអង្គភាពតែមួយគត់ដែលផ្តល់អាហារក្តៅៗដោយផ្ទាល់ដល់ជនភៀសខ្លួននៅក្នុងមជ្ឈមណ្ឌលស្នាក់នៅ ។

វិបត្តិជនភៀសខ្លួននៅក្នុងប្រទេសលីបង់ បានកើនឡើងដល់កម្រិតអាសន្ន ដោយមានមនុស្សជាង ១,៥ លាននាក់កំពុងរងទុក្ខវេទនា។ អង្គការសហប្រជាជាតិ បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខស្បៀង ខណៈក្រុមគ្រួសារជាច្រើនមិនអាចបំពេញតម្រូវការមូលដ្ឋានរបស់ខ្លួនបានឡើយ។ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិកក៏ដោយ ក៏ការបន្តរឹតត្បិតការធ្វើដំណើរពីសំណាក់កងទ័ពអ៊ីស្រាអ៊ែល បានធ្វើឱ្យពលរដ្ឋមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន ។

គួររំឭកថា ស្ថានភាពនយោបាយ និងយោធានៅតាមព្រំដែននៅតែមានភាពស្មុគស្មាញខ្លាំង ដោយអ៊ីស្រាអ៊ែល មានផែនការបង្កើតតំបន់សន្តិសុខនៅលើទឹកដីលីបង់ ដែលអាចរំលោភយកផ្ទៃដីប្រហែល ១០% នៃប្រទេសនេះ។ ការកំណត់តំបន់ហាមឃាត់ដែលហៅថា «ខ្សែបន្ទាត់ពណ៌លឿង» បានរារាំងប្រជាជនពីទីក្រុង និងភូមិជាច្រើនមិនឱ្យចូលទៅតំបន់ដែលអ៊ីស្រាអ៊ែលកំពុងគ្រប់គ្រង។ កត្តានេះ ធ្វើឱ្យជំនួយមនុស្សធម៌ពីផ្ទះបាយសហគមន៍ កាន់តែមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ជនភៀសខ្លួនដែលកំពុងជាប់គាំង និងគ្មានទីពឹង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.