លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងអំណរគុណលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលកន្លងមកបានដឹកនាំសិល្បករសិល្បការីនី បង្កើតមាតិកាមានការអប់រំ ដែលផ្តល់គំនិតវិជ្ជមាន បានចូលរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងអំណរគុណលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលកន្លងមកបានដឹកនាំសិល្បករ សិល្បការីនី បង្កើតមាតិកាមានការអប់រំ ដែលផ្តល់ជាគំនិតវិជ្ជមាន និងបានអំពាវនាវឱ្យសមាគម ជាពិសេសសិល្បករ សិល្បការនី និងអ្នកបង្កើតមាតិកាតាមបណ្តាណសង្គម (Content Creator) បន្តបង្កើនកិច្ចការងារនេះបន្ថែមទៀត ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សីលធម៌សង្គម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណ:កម្មាធិការជាតិលើកកម្ពស់សីលធ៌មសង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដោយក្នុងសន្និបាតនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក៏បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមផងដែរ។
"សិល្បករ សិល្បការិនីរបស់យើង គឺមានឥទ្ធិពលខ្លាំងមែនទែន ទៅលើក្មេងៗនៅក្នុងសង្គមយើងបច្ចុប្បន្ន, ហើយខ្ញុំសង្កេតឃើញថា សិល្បកររបស់យើង អ្នកខ្លះបានបង្កើតមាតិកាអប់រំបានច្រើន អ្នកខ្លាំងមានអ្នកតាមដាន (Follower) យ៉ាងច្រើន ដូច្នេះនាងខ្ញុំសូមឱ្យសិល្បករ សិល្បការិនី សូមជួយផ្សព្វផ្សាយ ធ្វើយ៉ាងណាបង្កើតនូវមាតិកាទាំងឡាយណា ផ្តល់នូវការអប់រំ ផ្តល់នូវគំនិតវិជ្ជមាន ដល់អ្នកដែលតាមដាន ព្រោះសម្តីរបស់ប្អូនមួយម៉ាត់ អ្នកមើលរាប់ពាន់នាក់ធ្វើតាម"។ នេះបើតាមប្រសាសន៍លោកជំទាវបណ្ឌិត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តថា នាពេលអនាគតក្មេងៗ គឺជាធនធានមនុស្សយ៉ាងសំខាន់ នៅក្នុងសង្គមជាតិកម្ពុជា បើចង់ឱ្យសង្គមយើងខ្លាំង ទាល់តែក្មេងៗទាំងអស់នោះ មានសុជីវធម៌ មានគុណធម៌ និងខ្លាំងរឹងមាំ។ ដូច្នេះការផ្សព្វផ្សាយនូវការអប់រំ និងគំនិតវិជ្ជមាន គឺពិតជាមានសារៈសំខាន់។
សូមជម្រាបថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។
ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកក ម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី, អ៊ុន ផាណាត់