ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (ROYAL GROUP) បរិច្ចាគថវិកា ១,៥៥៥,៥៥៥ ដុល្លាអាម៉េរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត
នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (ROYAL GROUP) ដឹកនាំដោយ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (ROYAL GROUP) អ៊ិនធើណេសិនណល អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាល អ្នកនាងគិត ស៊ូណាវីន ទេវី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ដែលបាននាំយកថវិកាចំនួន ១.៥៥៥.៥៥៥ ដុល្លារ ( មួយលានហាសិបប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លាអាម៉េរិក ) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកដ៏សប្បុរសនិងសទ្ធាជ្រះថ្លារបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (ROYAL GROUP) ដឹកនាំដោយ ឧកញ៉ា គិត ស៊ូឡា ដែលបានបរិច្ចាគថវិកាចំនួន ១,៥៥៥.៥៥៥ ដុល្លាអាម៉េរិក ដែលចំនួននេះបើធៀបនិងឆ្នាំមុនមានការកើនឡើង ។ ការណ៍នេះសបញ្ជាក់មួយឲ្យឃើញនូវភាពរីកចម្រើនរបស់ក្រុមហ៊ុនបើទោះបីជាស្ថិតក្នុងបរិបទសកលលោកកំពុងមានបញ្ហាប្រឈមក៏ដោយ ក៏ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបង្កើនការជួយដល់កាកបាទក្រហមកម្ពុជា ។ ថវិកាក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនេះ និងរួមជាមួយសប្បុរសជន បានធ្វើឲ្យកាកបាទក្រហមកម្ពុជា តែងតែមានមុខភ្លាមៗក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះទាំងអស់ ។ ទាក់ទងថវិកាទិវា ៨ ឧសភា ២០២៦នេះដែរ គិតត្រឹមយប់ថ្ងៃទី៥ ឧសភានេះទទួលបានការបរិច្ចាគដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានបានជិត៩លានដុល្លាអាម៉េរិក ចំនួននេះគឺច្រើនជាងការរពឹងទុកកាលពីដើមឆ្នាំ២០២៦មកនេះ ។ នេះដោយសារកាកបាទក្រហមកម្ពុជាខិតខំប្រឹងប្រែងជានិច្ចក្នុងការជួយដល់ប្រជាពលរដ្ឋដែលត្រូវការឲ្យកាកបាទក្រហមកម្ពុជាជួយជាចាំបាច់ ។
ដូច្នេះលោកជំទាវបណ្ឌិត សង្ឃឹមជឿជាក់ថាសប្បុរសជននឹងនៅបន្តចូលរួមជួយគាំទ្របន្ថែមទៀតដល់កាកបាទក្រហមកម្ពុជា ដែលជាការចែករំលែកក្តីស្រលាញ់ជាមួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតតាមរយះកាកបាទក្រហមកម្ពុជា ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានបញ្ជាក់ជូនពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤. ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវបណ្ឌិត បានគោរពជូនពរដល់ អ្នកឧកញ៉ា ឧកញ៉ា អ្នកនាង ព្រមទាំងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យនិងរីកចម្រើនជាបន្តទៀត ។
ជាការឆ្លើយតបឧកញ៉ា គិត ស៊ូឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
ឧកញ៉ា គិត ស៊ូឡា បានជម្រាបជូនអំពីវឌ្ឍនភាពក្រុមហ៊ុន ដោយក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានវត្តមានអ្នកជំនាញៗជនបរទេសជាច្រើនហើយមានអ្នកខ្លះរស់នៅធ្វើការជិត២០ឆ្នាំ អញ្ចឹងអ្នកទាំងនោះគឺជាទូត សម្រាប់ប្រទេសរបស់គាត់ម្នាក់ៗ និងជាសាក្សីដឹងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដូច្នេះអ្វីជាការរីកចម្រើនក្នុងព្រះរាជាណាចក្រកម្ពុជាគឺឧកញ៉ា គិត ស៊ូឡា សូមថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ ជាពិសេសរដ្ឋាភិបាលមានស្ថិរភាព ទាំងនេះបានបង្កលក្ខណៈរីកចម្រើនដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនេះថវិកាដែលជួយដល់កាកបាទក្រហមកម្ពុជាមិនមែនតែត្រឹមប៉ុណ្ណឹងទេ គឺនៅមានចំណែកផ្សេងទៀតខាងសភាពាណិជ្ជកម្ម និងទៅដល់សាខាទាំង២៥រាជធានីខេត្តផងដែរ ។ នេះជាការចូលរួមចែករំលែកក្តីស្រលាញ់ និងនូវអ្វីដែលមាន អ្វីដែលបានដល់ប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់តាមរយះកាកបាទក្រហមកម្ពុជា ។
សូមបញ្ជាក់ថា គណៈប្រតិភូក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (ROYAL GROUP) ដឹកនាំដោយឧកញ៉ា គិត សូឡា បានឧបត្ថម្ភថវិកាចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក។ គិតចាប់ពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៣២លើក មានថវិកាសរុប ៧.៥៣៣.៥៥២ ដុល្លាអាម៉េរិក , អង្ករ ២០០តោន និងរថយន្ត ២គ្រឿង។
អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់ វីដេអូ ៖ ង៉ាន់ សំណាង កាត់ត ៖ ហែម សុធា