លោកប្រធានាធិបតី ត្រាំ៖ អ៊ីរ៉ង់គួរតែលើកទង់សសុំចុះចាញ់!
សហរដ្ឋអាម៉េរិក៖ អំឡុងថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់ «លើកទង់សសុំចុះចាញ់»។ លោកបន្ថែមថា «ប្រហែលជាបងប្អូនមិនទាន់ឃើញទង់សទេ ប៉ុន្តែតាមពិតទៅ ពួកគេ (អ៊ីរ៉ង់) ស្ថិតក្នុងស្ថានភាពបែបហ្នឹងបាត់ទៅហើយ» ។
លោកបានប្រៀបធៀបស្ថានភាពបច្ចុប្បន្នទៅនឹងការប្រកួតកីឡាដែលត្រូវបញ្ឈប់ ព្រោះតែភាគីម្ខាងទៀតគ្មានលទ្ធភាពតតាំងទៀតបាន។ ការលើកឡើងនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីឧត្តមភាពយោធារបស់អាម៉េរិក ក្នុងគ្រាដែលជម្លោះនៅច្រកសមុទ្រ ហ័រមូស (Hormuz) មិនបានថមថយកម្តៅ ។
ភាពតានតឹងនេះ បានកើនឡើងដល់កម្រិតគ្រោះថ្នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ផ្ទុយគ្នាអំពីការប៉ះទង្គិចគ្នាដោយអាវុធ។ ខណៈលោក ត្រាំ អះអាងពីជោគជ័យក្នុងការបាញ់កម្ទេចទូកចម្បាំងអ៊ីរ៉ង់ ភាគីទីក្រុងតេហ៍រ៉ង់ឯណោះវិញ បែរជាចោទប្រកាន់អាម៉េរិកថាបានបាញ់ប្រហារលើនាវាស៊ីវិល បណ្តាលឱ្យមានមនុស្សស្លាប់ទៅវិញ។ ការគំរាមកម្ទេចអ៊ីរ៉ង់ឱ្យរលាយពីផែនដីពីសំណាក់លោក ត្រាំ បានធ្វើឱ្យពិភពលោកកាន់តែបារម្ភពីលទ្ធភាពនៃសង្រ្គាមទ្រង់ទ្រាយធំ ។
ឆ្លើយតបនឹងយុទ្ធសាស្ត្រ «គម្រោងសេរីភាព» របស់អាម៉េរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចេញការព្រមានថា នេះគឺជាផ្លូវទាល់ច្រកដែលអាចនាំឱ្យអាម៉េរិកធ្លាក់ក្នុងជ្រោះមហន្តរាយ។ អ៊ីរ៉ង់បានព្យាយាមបង្ហាញថាខ្លួននៅតែមានច្រកចរចាតាមរយៈប្រទេសប៉ាគីស្ថាន ប៉ុន្តែក្នុងពេលជាមួយគ្នា ពួកគេនៅតែបន្តបិទផ្លូវទឹកអន្តរជាតិដ៏សំខាន់ ដែលបង្កឱ្យមានការកកស្ទះនាវាដឹកទំនិញរាប់ពាន់គ្រឿង ។
វិបត្តិបច្ចុប្បន្នមិនត្រឹមតែជាការប្រឈមមុខដាក់គ្នាផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបិទខ្ទប់សេដ្ឋកិច្ចទៅវិញទៅមកយ៉ាងតឹងរ៉ឹង។ ជាមួយនឹងនាវាជាង ២,០០០ គ្រឿងដែលមិនអាចធ្វើដំណើរបាន និងការបិទកំពង់ផែរបស់អ៊ីរ៉ង់ពីសំណាក់អាម៉េរិក សកម្មភាពទាំងនេះកំពុងតែច្របាច់កសេដ្ឋកិច្ច និងធ្វើឱ្យស្ថិរភាពតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video/ Etsy on Microsoft Bing.