ផ្សារទំនើបនៅជិតទីក្រុងតេហ៍រ៉ង់ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងក្លា ខណៈអាជ្ញាធរកំពុងស៊ើបរកមូលហេតុ
តេហ៍រ៉ង់, អ៊ីរ៉ង់៖ មានហេតុការណ៍អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះផ្សារទំនើបអាំងហាវ៉ាន់ (Arghavan) ស្ថិតក្នុងតំបន់ អាន់ឌីស៊េ (Andisheh) ខេត្តតេហ៍រ៉ង់ កាលពីម៉ោង ៤:៤០នាទីរសៀលថ្ងៃអង្គារ។ អគ្គិភ័យនេះ បានបង្កឱ្យមានផ្សែងខ្មៅគ្របដណ្តប់លើផ្ទៃមេឃ ខណៈសន្ទុះឆាបឆេះកើតមានឡើងយ៉ាងឆាប់រហ័ស ដោយសារតែឥទ្ធិពលនៃសម្ភារៈដែលប្រើប្រាស់សម្រាប់តុបតែងខាងមុខអគារ។ ក្រុមពន្លត់អគ្គិភ័យមកពីស្ថានីយជាច្រើន បានដាក់ពង្រាយកម្លាំងដើម្បីទប់ស្កាត់មហន្តរាយនេះ ។
ទោះបីជាអណ្តាតភ្លើងមានសភាពសន្ធោសន្ធៅក៏ដោយ ប៉ុន្តែជាសំណាងល្អ មនុស្សទាំងអស់នៅក្នុងផ្សារទំនើបត្រូវបានជម្លៀសចេញទាន់ពេលវេលា និងដោយសុវត្ថិភាព។ គិតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីជនរងគ្រោះដែលជាប់គាំង ឬរងរបួសធ្ងន់ធ្ងរឡើយ។ ក្រៅពីកម្លាំងពន្លត់អគ្គិភ័យ សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ក៏បានបញ្ជូនក្រុមអ្នកជំនាញ និងសត្វសុនខរុករក ដើម្បីធានាឱ្យបាននូវសុវត្ថិភាពទាំងស្រុងនៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើង។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីប្រសិទ្ធភាពនៃការឆ្លើយតបបន្ទាន់ក្នុងកម្រិតខ្ពស់ពីសំណាក់អង្គភាពនានា ក្នុងការការពារអាយុជីវិតពលរដ្ឋពីគ្រោះមហន្តរាយដែលមិនបានព្រមានទុកជាមុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from ISNA via VIORY's video.