ព័ត៌មានជាតិ

តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិ ចុះទៅស្វែងយល់ស្ថានភាពទូទៅ និងប្រជាពលរដ្ឋភៀសសឹក នៅជម្រកបណ្ដោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

image

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានជម្រាបជូនលោកស្រី Matidlda Bogner តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អំពីស្ថានភាពទូទៅក្រោយពេលដែលយោធាថៃ បានបើកការឈ្លានពានមកលើដល់អធិបតេយ្យភាពរបស់កម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង។ 

លោក ក៏បានបញ្ជាក់ថា ក្រៅពីបណ្ដាលឱ្យប្រជាពលរដ្ឋស្លូតត្រង់រងរបួស និងស្លាប់បាត់បង់ជីវិត ដីផ្ទះសម្បែងរបស់ពលរដ្ឋននៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបានយោធាថៃធ្វើការហ៊ុមព័ទ្ធ និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់គ្មានសល់ ក្រោយពីបទឈប់បាញ់លេីកទី២ ចូលជាធរមាន ធ្វេីឱ្យពលរដ្ឋកម្ពុជាគ្មានសំបែងរស់នៅ។ ក្រៅពីនេះ មានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ជាពិសេសគ្រាប់បែកចង្កោម ស្ថិតនៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង នៅតាមបណ្តាក្រុងស្រុកជាប់ព្រំដែន។

លោក អ៊ុំ រាត្រី បន្តថា ដោយទទួលបានការយកចិត្តទុក្ខដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានរៀបចំមណ្ឌលសមាគមអតីតយុទ្ធជន នៅក្នុងឃុំស្លក្រាម ជាជំរកបណ្តោះអាសន្នដែលមានលក្ខណៈប្រសើរជាងមុនដោយផ្តល់ដីទំហំ២០មx៣០មក្នុងមួយគ្រួសារ លើផ្ទៃដីសរុបចំនួន៤០០ហិកតា ខណៈ ដែលពួកគាត់ទាំងនោះមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ជាមួយគ្នានោះក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវគមនាគមន៍ ប្រព័ន្ធទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដេីម។ 

ក្រោយពីស្តាប់នូវការរាយការណ៍សង្ខេបរបស់អភិបាលខេត្តលោកស្រី Matidlda Bogner ក៏បានសម្តែងនូវការចូលរួមសោកស្តាយចំពោះការផ្ទុះអាវុធជាលេីកទី២ នៅតាមបន្ទាត់ព្រំដែន កាលពីចុងឆ្នាំ២០២៥កន្លងទៅ បណ្តាលឱ្យពលរដ្ឋស្លូតត្រង់រងរបួស និងបាត់បង់ជីវិត និងត្រូវចាកឆ្ងាយពីផ្ទះសំបែង មិនទាន់បានត្រឡប់ទៅវិញបាន ។  

 

ក្នុងដំណេីរបំពេញបេសកកម្មនៅក្នុងខេត្តបន្ទាយមានជ័យ លោកស្រី ក៏នឹងធ្វេីដំណើរដើម្បីទៅជួបជាមួយនឹងប្រជាពលរដ្ឋភៀសសឹក នៅជម្រកបណ្ដោះអាសន្ន ដែលអាជ្ញាធរបានរៀបចំជូន ដែលត្រូវយោធាថៃ រាយបន្លាលួសហ៊ុំព័ទ្ធគ្រប់គ្រងទាំងកម្រោលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅវិញបានក្រោយបទឈប់បាញ់ចូលជាធរមានកាលពីចុងឆ្នាំ២០២៥កន្លងទៅ៕

អត្ថបទ៖ ប៊ុន សំណាង