ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង ចូលចតនៅផែមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមកិច្ចប្រជុំដកបទពិសោធនការងារល្បាតរួម លើកទី៣៦-៣៧

image

ព្រះសីហនុ៖ ឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប រសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿង លេខ២៦៣ ដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម ក្នុងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំដកបទពិសោធនការងារល្បាតរួមលើកទី៣៦-៣៧ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។


បន្ទាប់មកនៅរសៀលថ្ងៃដដែល គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម។


ចំពោះលក្ខណៈបច្ចេកទេសនាវា HQ ២៦៣
-មានបណ្ដោយ ៤៩.៥៣ម៉ែត្រ
-ទទឹង ៩.២ម៉ែត្រ
-ទម្ងន់ ផ្ទុក ៣៧៥តោន
-ជម្រៅទឹក ២.៣ម៉ែត្រ
-ធានានឹងរលកកម្ពស់ ៧-៨ម៉ែត្រ
-មេបញ្ជាការនាវា លោកអនុនាវីឯក ង្វៀន ថេជៀន៕


អត្ថបទ៖ សន ពិសិដ្ឋ