ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដតាកែវ
តាកែវ ៖ នៅព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី កម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដតាកែវ ដែលកម្មវិធីនេះប្រព្រឹត្ដិឡើងនៅបរិវេណ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។
ខេត្ដតាកែវ គឺជាខេត្ដទី៤ ហើយបន្ទាប់ពីខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ដែលសម្ដេចតេជោ ហ៊ុន សែន បានបន្ដមកចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅមូលដ្ឋានផ្ទាល់។
តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បីខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងអោយបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។
ការចុះជួបសំណេះសំណាលនេះ ជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
កម្មវិធីចុះជួបសំណេះសំណាលនាពេលនេះមានវត្ដមានចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា និងមន្ដ្រីរាជការ ក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រមាណជាង១០០០នាក់។
សូមជម្រាបជូនថា តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅខេត្ដផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង