ព័ត៌មានអន្តរជាតិ

មនុស្ស ១៦នាក់ស្លាប់ ក្នុងហេតុការណ៍ឡានក្រុងបុកឡានដឹកប្រេង នៅឥណ្ឌូណេស៊ី

image


ឥណ្ឌូណេស៊ី៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណី បានកើតឡើងនៅលើផ្លូវហាយវ៉េ Trans-Sumatra ខេត្តស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ (ទី៦ ខែឧសភា) ដោយឡានក្រុងដឹកអ្នកដំណើរបានបុកគ្នាពេញទំហឹងជាមួយឡានដឹកប្រេង បណ្តាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ភ្លាមៗនៅនឹងកន្លែង ដោយសារតែការឆាបឆេះយ៉ាងលឿនដែលធ្វើឱ្យជនរងគ្រោះមិនអាចរត់ចេញពីយានយន្តបានទាន់ពេល ។

មូលហេតុបឋមត្រូវគេសង្ស័យថា បណ្តាលមកពីឡានក្រុងមានបញ្ហាបច្ចេកទេស ដែលធ្វើឱ្យអ្នកបើកបរព្យាយាមបើកជៀសចេញពីផ្លូវ ប៉ុន្តែបែរជាទៅជ្រុលបុកជាមួយឡានដឹកប្រេងដែលកំពុងបើកមកក្នុងល្បឿនលឿនក្នុងទិសដៅផ្ទុយគ្នា ។
អ្នកស្លាប់រួមមាន អ្នកបើកបរឡានក្រុង និងអ្នកដំណើរ ១៣នាក់ ព្រមទាំងអ្នកបើកបរឡានដឹកប្រេង និងជំនួយការផងដែរ ដែលពួកគេទាំងអស់ត្រូវភ្លើងឆេះស្លាប់នៅក្នុងរថយន្ត។ មានអ្នកដំណើរ ៤ នាក់បានរួចជីវិត និងត្រូវបានបញ្ជូនទៅកាន់គ្លីនិកក្បែរនោះ ដែលក្នុងនោះ ៣ នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ។

ក្រុមសង្គ្រោះ និងភ្នាក់ងារពន្លត់អគ្គិភ័យបានខិតខំយ៉ាងខ្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍ និងកាយយកសាកសពចេញពីកម្ទេចដែកដែលឆេះខ្លោច ខណៈអាជ្ញាធរកំពុងបន្តផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកដំណើរ ដើម្បីឱ្យដឹងច្បាស់ពីចំនួនជនរងគ្រោះសរុបពិតប្រាកដ ។
គ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំបែបនេះ តែងតែកើតមានជារឿយៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនបណ្តាលមកពីកង្វះខាតស្តង់ដារសុវត្ថិភាពយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមានកម្រិត។ ជាក់ស្តែង កាលពីសប្តាហ៍មុន ក៏មានគ្រោះថ្នាក់រថភ្លើងបុកគ្នាដែលបានសម្លាប់មនុស្ស ១៦ នាក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP via CNA | រូបភាព៖ AP/ EPA/ SCMP