លោក ត្រាំ ផ្អាកគម្រោងសេរីភាព ដើម្បីបើកផ្លូវចំពោះកិច្ចព្រមព្រៀងការទូតថ្មីជាមួយអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធថា បានបង្ហាញក្តីសង្ឃឹមថ្មីចំពោះការចរចាជាមួយប្រទេសអ៊ីរ៉ង់ ដោយលោកបានបង្ហើបថា ភាគីទាំងពីរមានការពិភាក្សាគ្នាប្រកបដោយលទ្ធផលវិជ្ជមានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីលោកបានធ្វើមិនដឹងមិនឮចំពោះដំណឹងនៃការវាយប្រហារថ្មីៗលើនាវាអាម៉េរិក ដោយលោកចាត់ទុកថាវាជារឿងអតីតកាល និងងាកមកផ្តោតលើលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងការទូតវិញ ។
លោកប្រធានាធិបតី យល់ឃើញថា ភាពរឹងរូសរបស់អ៊ីរ៉ង់នាពេលកន្លងមក កើតចេញពី «មោទនភាពជាតិ» របស់ពួកគេ ជាជាងការចង់បង្កសង្រ្គាមពិតប្រាកដ ហើយលោកជឿថា តាមពិតទៅទីក្រុងតេហ៍រ៉ង់កំពុងត្រូវការកិច្ចព្រមព្រៀងដ៏ចាំបាច់មួយ ។
តបតាមសំណើរបស់ប្រទេសអ្នកសម្របសម្រួលប៉ាគីស្ថាន និងជាសញ្ញានៃការបង្ហាញឆន្ទៈសន្តិភាព លោក ត្រាំ បានសម្រេចផ្អាក«គម្រោងសេរីភាព» ដែលជាបេសកកម្មយោធានាំផ្លូវនាវាចេញពីច្រកសមុទ្រ ហ័រមូស។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញថា អាម៉េរិកកំពុងប្រើប្រាស់យុទ្ធសាស្ត្រ «តឹងខ្លះ ធូរខ្លះ» ដោយប្រើសម្ពាធយោធាដើម្បីឱ្យអ៊ីរ៉ង់ចុះខ្សោយ ប៉ុន្តែក៏ទុកច្រកចេញសម្រាប់ការចរចាដោយសន្តិវិធីផងដែរ ។
គោលដៅចម្បងដែលអាម៉េរិកមិនអាចខ្វះបានក្នុងកិច្ចព្រមព្រៀងនេះ គឺការធានាថាអ៊ីរ៉ង់នឹងមិនអាចផលិតអាវុធនុយក្លេអ៊ែរបានជាដាច់ខាត។ ទោះបីជាស្ថានការណ៍កន្លងមកមានភាពរកាំរកូសខ្លាំង ប៉ុន្តែការផ្លាស់ប្តូរឥរិយាបថចុងក្រោយរបស់លោក ត្រាំ បានធ្វើឱ្យពិភពលោកមើលឃើញពីពន្លឺនៃសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ដែលទំនងជានឹងអាចកើតឡើងក្នុងពេលឆាប់ៗខាងមុខ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ CNN on Microsoft Bing/ (Amirhosein Khorgooi / WANA via Reuters)