ជប៉ុន ចូលរួមបាញ់សាកល្បងមីស៊ីលប្រឆាំងនាវា Type 88 នៅហ្វីលីពីន ជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២
ហ្វីលីពីន៖ កងកម្លាំងស្វ័យការពារជប៉ុន បានបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដោយបានចូលរួមបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាដ៏ទំនើបប្រភេទ ថែប៨៨ (Type 88) ក្នុងសមយុទ្ធយោធារួមគ្នា បាលីកាតាំង ឆ្នាំ ២០២៦ (Balikatan 2026) ជាមួយហ្វីលីពីន សហរដ្ឋអាម៉េរិក និងអូស្ត្រាលី កាលពីថ្ងៃពុធ នៅលើទឹកដីហ្វីលីពីន។ ការបាញ់សាកល្បងនេះ បានបង្ហាញពីសមត្ថភាពវាយប្រហារចំគោលដៅយ៉ាងច្បាស់លាស់ទៅលើកប៉ាល់នៅកណ្តាលសមុទ្រ ដែលជាការបង្ហាញពីសក្តានុពលយោធារបស់ជប៉ុនក្នុងកិច្ចសហការជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ។
ការចូលរួមរបស់ជប៉ុនក្នុងសមយុទ្ធទ្រង់ទ្រាយធំនេះ តំណាងឱ្យការផ្លាស់ប្តូរគោលនយោបាយការពារជាតិយ៉ាងខ្លាំងក្លារបស់ទីក្រុងតូក្យូ។ ជាលើកដំបូងចាប់តាំងពីចប់សង្គ្រាមលោកលើកទី២ ដែលជប៉ុនបានបញ្ជូនកងទ័ពមានសមត្ថភាពប្រយុទ្ធពេញលេញមកចូលរួមក្នុងសមយុទ្ធក្រៅប្រទេស ដែលនេះបង្ហាញពីបំណងក្នុងការដើរតួនាទីកាន់តែសកម្ម ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
កិច្ចសហប្រតិបត្តិការយោធារវាងជប៉ុន និងហ្វីលីពីន ត្រូវគេមើលឃើញថាជាការរួមគ្នាកសាងកម្លាំងការពារដើម្បីទប់ទល់នឹងបញ្ហាជម្លោះដែនសមុទ្រ ជាពិសេសនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ មន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានបង្ហាញពីមោទនភាពចំពោះភាពជោគជ័យនៃបច្ចេកវិទ្យាមីស៊ីលនេះ និងបានប្តេជ្ញាពង្រឹងការធ្វើការងាររួមគ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនាពេលអនាគត ។
ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់សម្ព័ន្ធមិត្ត ចិនបានសម្តែងការមិនពេញចិត្ត និងបានបើកសមយុទ្ធយោធាតបតវិញភ្លាមៗនៅក្បែរកោះ លូហ្សុន (Luzon)។ ស្ថានភាពនេះ បានធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកស្ថិតក្នុងភាពតានតឹងខ្លាំង ខណៈមហាអំណាចចិន បានព្រមានប្រឆាំងនឹងការលូកដៃពីកម្លាំងខាងក្រៅដែលបង្កឱ្យមានការបែងចែក និងការប្រឈមមុខដាក់គ្នាផ្នែកយោធានៅក្នុងតំបន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.