សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យមន្ដ្រីមូលដ្ឋាន ត្រូវយកចិត្ដទុកដាក់ឲ្យខ្លាំងលើការផ្ដល់សេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អ
តាកែវ៖ នៅព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជាបានបន្ដអញ្ជើញ ចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅខេត្ដតាកែវ ដែលនេះគឺជាខេត្ដទី៤ហើយ ដែលសម្ដេចតេជោ ហ៊ុន សែន បន្ដចុះជួបបន្ទាប់ពីខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ចាម និងត្បូងឃ្មុំ កាលពីពេលកន្លងទៅ។
លោក វ៉ី សំណាង អភិបាលខេត្ដតាកែវបានរាយការណ៍ ស្ដីពីសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្ដសម្រេចបាន ដោយវឌ្ឍនភាព និងសក្តានុពលដ៏សម្បូរបែបរបស់ខេត្តតាកែវ ដែលបច្ចុប្បន្នកំពុងប្រែក្លាយខ្លួនជាប៉ូល សេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់ នៃការកើនឡើងនូវចំនួនរោងចក្រ សហគ្រាស និង តំបន់សេដ្ឋកិច្ចពិសេស ដែលផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តផង។
ក្នុងឱកាសជួបសំណេះសំណាលនេះ សម្ដេចតេជោ បានជំរុញឲ្យរដ្ឋបាលខេត្ដ បង្កើនការទទួលខុសត្រូវ ពង្រឹងការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពង្រឹងចលនាអនុវត្ត គោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” និង បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យាឱ្យជាប់ជាប្រចាំ ព្រមទាំងជំរុញ បង្កើនគុណភាពផ្តល់សេវាសាធារណៈ តាមអង្គភាព និងការិយាល័យច្រកចេញ-ចូលតែមួយ រាប់ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ដែលសេវាសាធារណៈចាំបាច់មានការធ្វេីអត្ដសញ្ញាណប័ណ្ណ សំបុត្រកំណេីត ជាដេីម ។ដោយឡែកសេវាសាធារណៈតម្រូវការមានដូចជាការបញ្ជាក់ឯកសារដីធ្លី ឬឯកសារមួយចំនួនទៀតដែលអាចពន្យាបាន តែត្រូវធ្វេីឱ្យមានតម្លាភាព ដើម្បីឆ្លើយតបនឹងសំណើ សំណូមពរ តម្រូវការអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន។
ក្នុងឱកាសជំនួបសំណេះសំណាល សម្ដេចតេជោ បានផ្ដល់នូវការណែនាំ និងដាក់ចេញនូវ គោលការណ៍ ក៏ ដូចជាផែនការមួយចំនួន ដល់មន្ត្រីក្នុងទិសដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ក្នុងមូលរដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ដំណើរចុះតាមមូលដ្ឋាននេះគឺសម្រាប់ការត្រៀមរៀបចំធ្វើការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២៧ខាងមុខ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨ ហើយតាមការគ្រោងទុកសម្ដេចតេជោ ហ៊ុន សែន នឹងបន្ដចុះទៅតាមបណ្ដាខេត្ដផ្សេងៗទៀតនៅទូទាំង២៥ខេត្ដក្រុង ទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង