ក្រសួងកិច្ចការនារី និងអង្គការ Plan International បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សិទ្ធិ និងសមត្ថភាពរបស់ក្មេងស្រីនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងអង្គការ Plan International នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ពីការបន្តធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងសុខុមាលភាពសម្រាប់ក្មេងស្រី និងយុវនារីនៅទូទាំងប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក Ram Kishan នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ Plan International ជួបសម្ដែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សិទ្ធិ ការការពារ និងសមត្ថភាពដឹកនាំរបស់ក្មេងស្រីនៅកម្ពុជា។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍លោក Ram Kishan ចំពោះការតែងតាំងថ្មី និងថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងសកម្មរបស់ Plan International ក្នុងការជំរុញសមភាពយេនឌ័រ កិច្ចការពារកុមារ និងការអភិវឌ្ឍសមត្ថភាពក្មេងស្រីជាបន្តបន្ទាប់។ ក្នុងកិច្ចប្រជុំ ក្រសួងកិច្ចការនារី និង Plan International បានពិភាក្សា អំពីវឌ្ឍនភាពសំខាន់ៗដែលទទួលបានតាំងពីឆ្នាំ ២០២១ តាមរយៈគម្រោងសហការចម្បងៗ ដូចជា Girls Lead Project, Changemakers Initiative, Girls Get Equal Campaign, និងកម្មវិធីបង្ការ អាពាហ៍ពិពាហ៍ក្មេង និងការមានផ្ទៃពោះមុនអាពាហ៍ពិពាហ៍។ កម្មវិធីទាំងនេះបានរួមចំណែកពង្រឹងសមត្ថភាពដឹកនាំ ការចូលរួមសង្គម និងឱកាសសេដ្ឋកិច្ចសម្រាប់ក្មេងស្រីជាច្រើន។
ក្រសួងបានកោតសរសើរ ចំពោះការសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងផែនការសកម្មភាពជាតិដើម្បីការពារអាពាហ៍ពិពាហ៍ក្មេង និងការមានផ្ទៃពោះមុនអាពាហ៍ពិពាហ៍ ដែលជាក្របខណ្ឌសំខាន់សម្រាប់សម្របសម្រួលការងារជាតិរយៈពេលវែង។
លោកស្រីរដ្ឋមន្ត្រី ក៏បានលើកឡើងពីអាទិភាពសំខាន់ៗ របស់ក្រសួងក្រោមក្របខណ្ឌ ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ រួមមានការលើកកម្ពស់សេដ្ឋកិច្ចស្ត្រី សុវត្ថិភាពឌីជីថល ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង ការលើកកម្ពស់សុខុមាលភាពគ្រួសារ និងការការពារការបំពានលើស្ត្រី និងក្មេងស្រី តាមរយៈផែនការសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW 4) និងរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ។
នៅក្នុងផ្នែកភាពជាអ្នកដឹកនាំរបស់ក្មេងស្រី, ក្រសួងបានកោតសរសើរ ចំពោះការគាំទ្ររបស់ Plan International ក្នុងការរៀបចំ និងពង្រឹងក្លឹប និងកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងយុវជន នៅខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង និងការអនុវត្តយុទ្ធនាការជាតិជាច្រើន រួមទាំងទិវាក្មេងស្រីអន្តរជាតិ និងគំនិតផ្តួចផ្តើមផ្សេងៗ ដូចជាការពង្រឹងភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងផ្នែកសេដ្ឋកិច្ច តាមរយៈគម្រោង Changemakers 2026 និងពង្រីកការសហការនៅវិស័យជំនាញឌីជីថល និងសហគ្រិនភាព។
ក្រសួងបានផ្តល់ព័ត៌មានអំពីវឌ្ឍនភាពនៃផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើ ហិង្សាលើស្រ្តី ទី៤ និងលើកសរសើរចំពោះការគាំទ្ររបស់ Plan International រួមជាមួយដៃគូផ្សេងទៀត ក្នុងការរៀបចំផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អាពាពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។
កិច្ចប្រជុំក៏បានពិភាក្សា និងសង្កត់ធ្ងន់លើកិច្ចការអាទិភាពផ្សេងៗបន្ថែមទៀត ដូចជាការ គាំទ្រលើបញ្ហាយេនឌ័រក្នុងសុវត្ថិភាពបច្ចេកវិទ្យា ការគាំទ្រដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ក្មេងស្រី ការពង្រឹងសមត្ថភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការចិញ្ចឹមបែបវិជ្ជមាន៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី