ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជា បន្តទាក់ទាញវិនិយោគជាវិជ្ជមានក្នុងទំហំ ២,៦ពាន់លានដុល្លារ ក្នុង ៤ខែដើមឆ្នាំ២០២៦ ទោះសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់

image

ភ្នំពេញ៖ ទោះបីពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះព្រំដែនកម្ពុជា និងថៃ ការកំណត់ពន្ធគយបដិការបស់អាម៉េរិកជាសកល និងជម្លោះនៅតំបន់ជម្ឈិមបូព៌ា ដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃជាសកលក៏ដោយក្តី ប៉ុន្តែកម្ពុជា នៅតែបន្តទាក់ទាញលំហូរវិនិយោគបានយ៉ាងវិជ្ជមាន ដោយក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៤គម្រោង មានទំហំទុនវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការទទួលបានលំហូរវិនិយោគជាបន្តបន្ទាប់នេះ មិនមែនត្រឹមតែជាតួលេខបង្ហាញពីស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែសបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់វិនិយោគិនចំពោះកម្ពុជា និងក្តីរំពឹងទុកអំពីការលូតលាស់នៃធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជា បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងការទាក់ទាញគម្រោងវិនិយោគរហូតដល់ ៦៣០គម្រោង ដែលមានទំហំទុនសរុបប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៤០% បើធៀបនឹងឆ្នាំ២០២៤ ខណៈសន្ទុះវិជ្ជមាននេះ នៅតែបន្តក្នុងឆ្នាំ២០២៦។

ការថ្លែងបែបនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦”ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

ទោះជាយ៉ាងណាក្តី លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញការអភិវឌ្ឍ និងពង្រឹងកិត្យានុភាពរបស់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីប្រែក្លាយប្រទេសឱ្យក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយក្នុងតំបន់។ ជាក់ស្តែង កម្ពុជាបានខិតខំស្វែងរក និងពង្រីកដៃគូពាណិជ្ជកម្មថ្មីៗ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសនានា។ ក្នុងនោះ កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងកិច្ចព្រមព្រៀងពហុភាគីសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ៕