CDC នឹងពិនិត្យឡើងវិញលើគម្រោងតំបន់សេដ្ឋកិច្ចពិសេស ដែលគ្មានសកម្មភាព និងព្រមានដកអាជ្ញាប័ណ្ណ
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំពីសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យឡើងវិញលើតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានអាជ្ញាប័ណ្ណរួចហើយ ប៉ុន្តែមិនទាន់មានសកម្មភាពអភិវឌ្ឍន៍ ឬដំណើរការ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦” ក្រោមប្រធានបទ «លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្ន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃ CDC កំពុងសិក្សាវាយតម្លៃតាមតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ដើម្បីរាយការណ៍ជូនសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន CDC ពិនិត្យសម្រេច។
លោកឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា រហូតមកដល់ពេលនេះ CDC បានអនុម័តគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២ គម្រោង ប៉ុន្តែមានតែ ៣៥ តំបន់ប៉ុណ្ណោះ ដែលកំពុងដំណើរការ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះសម្រាប់ជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ មុខសញ្ញាវិនិយោគក្នុងឧស្សាហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ភាគច្រើនប្រមូលផ្តុំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា ដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិសនី គ្រឿងសង្ហារិម និងគ្រឿងតែងលម្អ ជាដើម។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងទប់ស្កាត់ការជ្រាបចូលនៃសកម្មភាពខុសច្បាប់នេះទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងកិច្ចប្រជុំនោះដែរ លោកអគ្គលេខាធិការ ក៏បានរំលឹកដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលពុំទាន់មានការអភិវឌ្ឍ ឱ្យរួសរាន់ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗសំដៅទាក់ទាញការវិនិយោគចូលក្នុងតំបន់របស់ខ្លួន ចៀសវាងការប្រឈមនឹងការដកហូតមកវិញនូវគោលការណ៍អភិវឌ្ឍន៍តំបន់ ស្របតាមបទប្បញ្ញត្តិជាធរមាន៕