តម្លៃប្រេងធ្លាក់ចុះខ្លាំង ខណៈផ្សារភាគហ៊ុនហក់ឡើងខ្ពស់ ជុំវិញក្ដីសង្ឃឹមថា មជ្ឈិមបូព៌ានឹងមានសន្តិភាពឆាប់ៗ
ញូវយ៉ក៖ តម្លៃប្រេងពិភពលោក បានដាំក្បាលចុះយ៉ាងខ្លាំងកាលពីថ្ងៃពុធ (ទី៦ ខែឧសភា) ហើយផ្សារភាគហ៊ុនបានងើបឡើងវិញ បន្ទាប់ពីមានក្តីសង្ឃឹមជាថ្មីថា សង្រ្គាមរវាងអាម៉េរិកជាមួយអ៊ីរ៉ង់ អាចនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗ ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ដោយជឿជាក់ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ «អាចនឹងកើតឡើងយ៉ាងពិតប្រាកដ» ប៉ុន្តែលោកក៏បានព្រមានថានឹងបន្តការវាយប្រហារលើប្រទេសនេះឡើងវិញ ប្រសិនបើការចរចាត្រូវបរាជ័យ ។
តម្លៃប្រេងឆៅប្រភេទ ប្រ៊ែនថ៍ (Brent) បានធ្លាក់ចុះមកនៅត្រឹមតម្លៃ ១០១,២៧ ដុល្លារក្នុងមួយបារ៉ែល ដោយធ្លាក់ចុះ ៧,៨%។ ចំណែកឯផ្សារភាគហ៊ុនអាម៉េរិកវិញ សន្ទស្សន៍សំខាន់ៗដូចជា S&P 500 និង ណាស់ដាក់ (Nasdaq) បានបន្តឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ស្របពេលផ្សារភាគហ៊ុននៅអឺរ៉ុប ដូចជាផ្សារភាគហ៊ុនសំខាន់ៗប្រចាំទីក្រុងប៉ារីស ហ្វ្រែងហ្វើត និងឡុងដ៍ ក៏បានកើនឡើងជាង ២% ដូចគ្នា ។
ទន្ទឹមនឹងនោះ សារព័ត៌មាន អ៊ែកសៀស (Axios) បានរាយការណ៍ថា ភាគីទាំងពីរជិតឈានដល់ការព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាជាបឋមមួយ ដើម្បីបញ្ចប់សង្រ្គាម និងរៀបចំក្របខណ្ឌសម្រាប់ការចរចានុយក្លេអ៊ែរឱ្យកាន់តែលម្អិត។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «យើងមានការពិភាក្សាដ៏ល្អក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយវាអាចទៅរួចណាស់ដែលយើងនឹងសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយ» ។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយថា ផែនការរបស់អាម៉េរិកកំពុងស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។ ចំណែកប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉េត បាហ្គារ ហ្គាលីបាហ្វ(Mohammad Bagher Ghalibaf) បានធ្វើការព្រមានថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមប្រើប្រាស់ការបិទផ្លូវទឹក និងសម្ពាធសេដ្ឋកិច្ច ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ ។
ក្រៅពីបញ្ហានយោបាយ ផ្សារភាគហ៊ុន វ៉លស្ទ្រីត (Wall Street) ក៏បានហក់ឡើងដោយសារតែរបាយការណ៍ចំណេញរបស់ក្រុមហ៊ុនធំៗ។ ក្នុងនោះ ភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីប AMD បានហក់ឡើង ១៨,៦% ខណៈក្រុមហ៊ុន ឌីស្នេយ៍ (Disney) កើនឡើង ៧,៥%។ នៅតំបន់អាស៊ីវិញ សន្ទស្សន៍ ខូសភី (Kospi) របស់កូរ៉េខាងត្បូង បានហក់ឡើងជាង ៥% ដោយសារតែភាគហ៊ុនក្រុមហ៊ុនសាំស៊ុង (Samsung) កើនឡើង ១៤,៤% ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងដល់ ១ ទ្រីលានដុល្លារ ជាលើកដំបូង ដោយសារតែតម្រូវការបន្ទះឈីប AI ដែលនេះបង្ហាញពីភាពខ្លាំងនៃវិស័យបច្ចេកវិទ្យាក្នុងការទ្រទ្រង់សេដ្ឋកិច្ចតំបន់ ។
ស្ថានភាពសេដ្ឋកិច្ចពិភពលោកក្នុងសប្តាហ៍នេះ កំពុងស្ថិតក្នុងរបត់វិជ្ជមានដោយសារតែការរួមបញ្ចូលគ្នារវាងការថយចុះកម្តៅនយោបាយមជ្ឈិមបូព៌ា និងកំណើនប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ដោយឡែក អ្នកវិភាគនៅតែព្រមានថា តម្លៃប្រេងនឹងមិនអាចធ្លាក់ចុះស្ថិរភាពយូរអង្វែងបានឡើយ លុះត្រាតែមានសកម្មភាពសន្តិភាពជាក់ស្តែងកើតឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ (AFP/Spencer Platt)/ Reuters.