ព័ត៌មានអន្តរជាតិ

ជប៉ុន និងហ្វីលីពីន ព្រមព្រៀងគ្នាពន្លឿនការផ្ទេរនាវាពិឃាត និងយន្តហោះចម្បាំង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់រដ្ឋធានីម៉ានីល

image

ម៉ាកាទិ, ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ុ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) និងសមភាគីហ្វីលីពីន លោក ហ្គីលប៊ើតូ តេអូដូរ៉ូ (Gilberto Teodoro) បានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ ដើម្បីពន្លឿនការផ្ទេរនាវាពិឃាតប្រភេទ អាប៊ីគូម៉ា-ក្លាស (Abukuma-class) និងយន្តហោះចម្បាំងប្រភេទ TC-90 ទៅឱ្យប្រទេសហ្វីលីពីន ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់រដ្ឋធានីម៉ានីល។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងតូក្យូ បានបន្ធូរបន្ថយច្បាប់រឹតត្បិតលើការនាំចេញអាវុធរបស់ខ្លួន ដែលអនុញ្ញាតឱ្យជប៉ុនអាចលក់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ទៅឱ្យប្រទេសជាមិត្តបានយ៉ាងទូលំទូលាយ ។

កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្តោតលើការផ្តល់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការបណ្តុះបណ្តាលបច្ចេកទេស ការថែទាំគ្រឿងយុទ្ធោបករណ៍ និងការចែករំលែកព័ត៌មានសម្ងាត់យោធាផងដែរ។ ភាគីទាំងពីរសង្កត់ធ្ងន់ថា ការរឹតបន្តឹងចំណងមិត្តភាពផ្នែកការពារជាតិនេះ គឺជាការឆ្លើយតបចាំបាច់ទៅនឹងស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកដែលកាន់តែមានភាពស្មុគស្មាញ និងគ្រោះថ្នាក់ ។

ក្នុងសមយុទ្ធយោធា បាលីកាតាំង ២០២៦ (Balikatan 2026) ជប៉ុនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈការបញ្ជូនកងទ័ពដែលមានសមត្ថភាពប្រយុទ្ធមកចូលរួមដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ការផ្លាស់ប្តូរគោលនយោបាយយោធានេះ បង្ហាញពីមហិច្ឆតារបស់ជប៉ុនក្នុងការដើរតួនាទីកាន់តែសកម្មក្នុងសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាជាងការឈរមើលពីចម្ងាយដូចកាលពីអតីតកាល ។

ភាពតានតឹងកាន់តែឡើងកម្ដៅខ្លាំង នៅពេលដែលសហរដ្ឋអាម៉េរិកបានដាក់ពង្រាយប្រព័ន្ធអាវុធទំនើបនៅក្បែរច្រកសមុទ្រ លូហ្សុន (Luzon) ដែលស្ថិតនៅជិតកោះតៃវ៉ាន់បំផុត។ សកម្មភាពយោធារួមគ្នារវាងអាម៉េរិក ហ្វីលីពីន និងជប៉ុននេះ ត្រូវគេមើលឃើញថាជាការបញ្ជូនសារព្រមានយ៉ាងខ្លាំងក្លាទៅកាន់ប្រទេសចិន ដែលកំពុងមានវិវាទដែនទឹក និងដែនដីយ៉ាងស្រួចស្រាវជាមួយប្រទេសជិតខាងទាំងនេះ ។

ជាការឆ្លើយតប ប្រទេសចិនបានរិះគន់យ៉ាងធ្ងន់ៗចំពោះការលូកដៃពីកម្លាំងខាងក្រៅដែលនាំឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នា។ ទីក្រុងប៉េកាំង ក៏បានបង្ហាញសាច់ដុំយោធាវិញភ្លាមៗ តាមរយៈការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងការធ្វើសមយុទ្ធសម្របសម្រួលជើងទឹក-ជើងអាកាសនៅក្បែរនោះ ដើម្បីជាការឆ្លើយតបទៅនឹងសម្ព័ន្ធមិត្តទាំងបី ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.