ឥណ្ឌា និងវៀតណាម គ្រោងជំរុញពាណិជ្ជកម្មទ្វេភាគីរហូតដល់ ២៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០
ញូវដែល្លី, ឥណ្ឌា៖ ឥណ្ឌា និងវៀតណាម បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ដោយកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២៥ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ពោលគឺនៅឆ្នាំ ២០៣០។ គោលដៅមហិច្ឆតានេះ កើតឡើងបន្ទាប់ពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ១៦ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ។
ភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះ មិនត្រឹមតែផ្តោតលើការលក់ដូរទំនិញទូទៅប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកដល់វិស័យបច្ចេកវិទ្យា និងធនធានយុទ្ធសាស្ត្រ។ កិច្ចព្រមព្រៀងចំនួន ១៣ ត្រូវបានចុះហត្ថលេខា ដែលគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា ការរុករករ៉ែកម្រ និងការបង្កើតប្រព័ន្ធទូទាត់ប្រាក់ឌីជីថលឆ្លងដែន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឱ្យកាន់តែងាយស្រួល និងទំនើប ។
សម្រាប់ឥណ្ឌា វៀតណាមគឺជាដៃគូដ៏សំខាន់ និងជាច្រកទ្វារយុទ្ធសាស្ត្រក្នុងការតភ្ជាប់ជាមួយតំបន់អាស៊ាន។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវៀតណាម នឹងជួយឱ្យឥណ្ឌាអាចពង្រីកឥទ្ធិពល និងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច មេដឹកនាំទាំងពីរក៏បានជជែកគ្នាលើបញ្ហាសន្តិសុខតំបន់ ជាពិសេសគឺសេរីភាពនៃការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវអាកាស។ ទាំងឥណ្ឌា និងវៀតណាម សុទ្ធតែចង់ឃើញបរិយាកាសដែលមានសន្តិភាព និងស្ថិរភាព ដោយសង្កត់ធ្ងន់លើការដោះស្រាយរាល់ជម្លោះតាមរយៈការចរចាដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម (To Lam) ក្នុងទីក្រុងញូវដេលី កាលពីថ្ងៃពុធ គឺជាសញ្ញានៃការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសមហាអំណាចអាស៊ីខាងត្បូង និងប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោនៅអាស៊ីអាគ្នេយ៍។ ចំណងមិត្តភាពនេះ ត្រូវគេរំពឹងថា នឹងជួយជម្រុញឱ្យតំបន់ទាំងពីរមានភាពរីកចម្រើន និងមានតុល្យភាពអំណាចសេដ្ឋកិច្ចកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.