ព័ត៌មានជាតិ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង បានរៀបចំវេទិកាការងារខ្នាតតូច ដោយមាននិស្សិតជាង ២០០នាក់ ចូលរួម

image

ភ្នំពេញ៖ និស្សិតជាង ២០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចូលរួមវេទិកាការងារខ្នាតតូច ដែលរៀបចំឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ក្រោមការគាំទ្រពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងក្រោមហិរញ្ញប្បទានពីមូលនិធិ Fonds Équipe France នៃស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងក្របខណ្ឌគម្រោង «ពង្រឹងរូបភាពភាសាបារាំង ជាភាសានៃឱកាសសិក្សា ការងារ និងការបង្កើនសមត្ថភាពការងារ »។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី Élodie Wynar ភារៈធារីទទួលបន្ទុកកិច្ចសហប្រតិបត្តិការភាសាបារាំង នៃស្ថានទូតបារាំងប្រចាំកម្ពុជា។

វេទិកាការងារខ្នាតតូចនេះ បង្ហាញពីបំណងប្រាថ្នារបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយសហការជាមួយ AUF និងស្ថានទូតបារាំង ក្នុងការធ្វើឱ្យភាសាបារាំងក្លាយជា « ស្ពានឆ្ពោះទៅកាន់ពិភពវិជ្ជាជីវៈ » សម្រាប់យុវជនកម្ពុជា។

ក្នុងពិធីបើក លោក Laurent Mesmann តំណាងសាកលវិទ្យាធិការ និងជាទីប្រឹក្សាពិសេស ប្រធានគម្រោងថ្នាក់ពិសេសជាភាសាបារាំងនៃសាកលវិទ្យាល័ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរំលឹកអំពីបេសកកម្មសំខាន់របស់ខ្លួន ក្នុងការបណ្តុះបណ្តាលដែលទទួលបានសញ្ញាបត្រចំនួនពីរ ក្នុងពេលតែមួយ ដោយសហការជាមួយសាកលវិទ្យាល័យ Lumière Lyon 2 ដោយផ្តោតលើផ្នែកច្បាប់ និងសេដ្ឋកិច្ច-គ្រប់គ្រង។

លោក ក៏បានលើកទឹកចិត្តនិស្សិត ឱ្យទាញយកអត្ថប្រយោជន៍ពីសមត្ថភាពពិសេសរបស់ខ្លួន គឺការចេះពីរភាសា ឬបីភាសា ផ្នែកច្បាប់ ឬសេដ្ឋកិច្ច គឺជាចំណុចខ្លាំងដ៏កម្រ និងចូរប្រើឱ្យមានសក្តានុពល។

ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ឹម គ្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំនៅកម្ពុជា
បានលើកឡើងថា ការបណ្តុះបណ្តាលសព្វថ្ងៃ មិនមែនត្រឹមតែផ្ទេរចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវត្រៀមសម្រាប់មុខរបរដែលកំពុងផ្លាស់ប្តូរ ការអភិវឌ្ឍជំនាញនាសតវត្សទី២១ លើកកម្ពស់សហគ្រិនភាព និងគាំទ្រនិស្សិតឱ្យមានជំនាញបើកចំហទៅកាន់ពិភពលោក។

លោក ក៏បានរំលឹកផងដែរថា បច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើមាគ៌ាសិក្សា និងមុខរបរ ហើយ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង កំពុងវិនិយោគលើការអភិវឌ្ឍជំនាញឌីជីថល និងនវានុវត្តន៍ផ្នែកអប់រំ។

បើតាមកញ្ញា Eudœxie Gervais អ្នកស្ម័គ្រចិត្តនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសមាជិកក្រុមការងាររៀបចំកម្មវិធីវេទិការការងារ បានឱ្យដឹងថា គោលបំណងនៃវេទិកានេះ គឺបង្ហាញនិស្សិតអំពីឱកាសទាំងអស់ ដែលពួកគេមានសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ មិនត្រឹមតែសម្រាប់និស្សិតឆ្នាំចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់និស្សិតឆ្នាំទី១ និងទី២ផងដែរ។ “យើងកំពុងអនុវត្តគម្រោងជាច្រើន ដែលជួយឱ្យនិស្សិតអភិវឌ្ឍជំនាញ និងពង្រឹងសមត្ថភាពការងារ។ អស់រយៈពេលប៉ុន្មានខែមកនេះ ដោយមានការគាំទ្រពី AUF យើងបានបោះពុម្ពព្រឹត្តិបត្រមួយ ដើម្បីជួយនិស្សិតអភិវឌ្ឍជំនាញភាសាបារាំង ការសរសេរ និងការបកប្រែ ព្រមទាំងរៀបចំជំនួបជាមួយអតីតនិស្សិត និងអនុវត្តស្ថានភាពនិស្សិត-សហគ្រិន។ វាពិតជាសំខាន់ណាស់សម្រាប់សមត្ថភាពការងាររបស់ពួកគេ”៕