សង្គម

មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពត ចុះពិនិត្យ និងណែនាំឱ្យអាជីវករលក់ដូរផ្លែទុរេនបិទស្លាកតម្លៃ និងប្រភពច្បាស់លាស់

image


កំពត៖ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោក ស្រី កុម្ភៈ បានឲ្យដឹងថា ក្រោមការណែនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្ត សាខា ក.ប.ប ខេត្ត រួមនឹងអាជ្ញាធរក្រុងកំពត បានចុះពិនិត្យមូលដ្ឋានអាជីវកម្មលក់ផ្លែឈើ ពិសេសតូបលក់ផ្លែទុរេននៅជុំវិញផ្សារសាមគ្គីទីរួមខេត្តកំពត។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យ និងណែនាំនេះគឺទី១. ធ្វើយ៉ាងណាឱ្យអាជីវករលក់ទុរេនទាំងអស់ លក់ដោយមានភាពស្មោះត្រង់ ដែលអ្នកលក់ទាំងអស់អាចយកទុរេនពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសមកលក់បាន តែចំណុចសំខាន់ត្រូវបញ្ជាក់ពីប្រភពឱ្យបានច្បាស់លាស់ រួមនឹងមានការបិទស្លាកតម្លៃផងដែរ។ ទី២. អាជីវករទាំងអស់ត្រូវរួមសហការក្នុងការផ្តល់ព័ត៌មាន និងអនុវត្តនូវការណែនាំរបស់ក្រសួងដើម្បីទប់ស្កាត់ការក្លែងបន្លំទុរេនពីប្រភពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទទុរេនកំពត ដែលជាដំណាំដែលមានសក្តានុពល និងល្បីល្បាញរបស់ខេត្តកំពត។ គោបំណងដែលសំខាន់នោះ គឺចង់ឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលទៅលេងកម្សាន្តក្នុងខេត្ត អាចទិញបាននូវទុរេនកំពតពិតប្រាកដ ដោយពុំមានការក្លែងបន្លំ។

ចំណែកឯក្រុមអាជីវករនៅជុំវិញផ្សារកំពតបានឯកភាពយល់ព្រម និងធ្វើតាមការណែនាំ ផ្សព្វផ្សាយរបស់មន្ត្រីជំនាញ និងអាជ្ញាធរ ដើម្បីចូលរួមចំណែកលើកកម្ពស់ទុរេនកំពត និងទាកទាញភ្ញៀវទេសចរផងដែរ។ ជុំវិញបញ្ហាក្លែងបន្លំទុរេនកំពតនេះដែរ ក្រុមអាវីករម្ចាស់ចម្ការទុរេនទឹកឈូ បានបញ្ជាក់ថា ពួកគាត់លក់តែទុរេនចម្ការខ្លួនឯង និងចម្ការជិតខាងប៉ណ្ណោះ ហើយក៏បានធ្វើការអំពាវនាវដល់អ្នកលក់ដូរទុរេនក្នុងខេត្តទាំងអស់ សូមមានភាពស្មោះត្រង់ លក់ដូរដោយមានការទទួលខុសត្រូវខ្ពស់ កុំក្លែងបន្លំអតិថិជនរបស់ខ្លួន ដើម្បីលើកកម្ពស់តម្លៃទុរេនកំពត។

សូមបញ្ជាក់ថា បើតាមមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តកំពតមានផ្ទៃដីដាំដំណាំទុរេនសរុបប្រមាណជិត ៣ពាន់ហិកតា ដោយក្នុង ១ហិកតា អាចប្រមូលផលបានជាមធ្យម ១៤តោន។ ការប្រមូលផលទុរេនកំពតគិតមកដល់ថ្ងៃនេះបានប្រមាណជា ៣៥% ហើយបើតាមការប៉ាន់ស្មាន ទិន្នផលទុរេនឆ្នាំនេះអាចបានប្រមូលបានប្រមាណជាង ២ម៉ឺន ៤ពាន់តោន៕

អត្ថបទ៖ វង្ស សុធារម្យ