សមត្ថកិច្ចបញ្ជូនយុវជន ៤នាក់ ទៅតុលាការ ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្តនាពេលយប់
កំពត៖ ក្រោយបំពេញសំណុំរឿងរួចរាល់ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នគរបាលខេត្តកំពត បានបញ្ជូនជនសង្ស័យ ៤នាក់ ទៅសាលាដំបូងពីបទធ្វើឱ្យខូចដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តដឹកទំនិញនារំលងអធ្រាត្រក្នុងភូមិសាស្ត្រក្រុងបូកគោ។
មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើ រួមមាន ១. ឈ្មោះ រ៉ុម យ៉ារីន ភេទប្រុស អាយុ ១៤ឆ្នាំ, ២. ឈ្មោះ ជ័រ សុខគឹមហ៊ួរ ភេទប្រុស អាយុ ១៨ឆ្នាំ, ៣. ឈ្មោះ សុផល រ៉ាយុទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ, ៤. ឈ្មោះ ថិន ថូ ភេទប្រុស អាយុ ២០ឆ្នាំ។ ជនសង្ស័យទាំង៤នាក់មានទីលំនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្ដកំពត។
មន្ត្រីនគរបាលដដែលបានរម្លឹកឱ្យដឹងថា កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ មានយុវជន ៤នាក់ ជិះម៉ូតូ ២គ្រឿងបម្រុងទៅប្តូរក្រវិលកំប៉ុងរង្វាន់ស្រាបៀរ ក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ បន្ទាប់ពីពួកគេត្រឡប់មកពីស៊ីផឹកនៅក្រុងកំពត។ ពេលធ្វើដំណើរនោះ ពួកគេបានត្រៀមដុំថ្មរួចជាស្រេចរង់ចាំគប់កញ្ចក់រថយន្តណាដែលបើកភ្លើងហ្វាមិនព្រមទម្លាក់។ ជាចៃដន្យ ស្រាប់តែមានរថយន្តដឹកទំនិញ ១គ្រឿង មកពីមុខ ពួកគេក៏យកដុំថ្មគប់ត្រូវកញ្ចក់ រួចនាំគ្នាជិះគេចចូលផ្ទះរៀងៗខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ម្ចាស់រថយន្តឈ្មោះ សន កុសល ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងស្រុកកំពង់ត្រាច ខេត្ដកំពត បានដាក់ពាក្យបណ្តឹងចូលអធិការដ្ឋានក្រុងបូកគោ ទើបកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់៕
អត្ថបទ៖ វង្ស សុធារម្យ