អភិបាលរាជធានីភ្នំពេញ ស្នើឱ្យម្ចាស់ទីតាំង និងអគារស្នាក់នៅប្រមូលផ្តុំ ចូលរួមសហការ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online ខណៈសមត្ថកិច្ច បានចុះបង្ក្រាបបាន ១៤២ទីតាំងហើយ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសូមឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ។ លោក ថា បើបទល្មើសទាំងនេះ ត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺពលរដ្ឋនេះហើយ។
ការស្នើសូមបែបនេះ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង “អនុក្រឹត្យ លេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” ទៅដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ។
លោក ឃួង ស្រេង បានបន្តថា “ក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ តែងការពារ និងគិតគូរពីផលប្រយោជន៍ពលរដ្ឋ។ ភ្ញៀវបរទេសដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្កបទល្មើសផ្សេងៗ យើងស្វាគមន៍ពួកគាត់។ តែបើពួកគាត់មកកម្ពុជា ដើម្បីបង្កបទល្មើស ប្រទេសកម្ពុជាយើងក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។យើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា គ្មានបទល្មើស Scam Online ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។”
លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រុបតេឡេក្រាមមួយ ជាមួយម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេសគឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានអំពីភាពមិនប្រក្រតី ឬបទល្មើស Scam Online បានគ្រប់ពេលវេលា។ លើសពីនេះទៀត លោកអភិបាល ក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវពាក់ព័ន្ធ ឬទារលុយកាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។
កម្មវិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់តំណាងម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួនជាង ៤០០នាក់ ជាមួយនឹងការធ្វើបទបង្ហាញពីសំណាក់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងលោកប្រធានការិយាល័យជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីផងដែរ។
លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៩ទំព័រ ៥ជំពូក និង២៤មាត្រា ហើយក្នុងច្បាប់នេះ លោកបានលើកឡើងតែចំនួន៦មាត្រាតែប៉ុណ្ណោះ ដើម្បីពន្យល់បន្ថែមដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំឱ្យបានយល់ដឹងបន្ថែម។ ទោះបីជាយ៉ាងណាក្តី លោកអភិបាលរងរូបនេះ បានជម្រុញឱ្យម្ចាស់អគារទាំងអស់ ពិនិត្យច្បាប់នេះឱ្យបានលម្អិតល្អន់ ជៀសវាងមានបញ្ហា ឈានទៅមានទោសទណ្ឌ។ លោក ថា គិតមកដល់ពេលនេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើស Scam Online នេះ បានចំនួន ១៤២ទីតាំងហើយ។
អង្គពិធី បានផ្តល់ឱកាសជូនតំណាងម្ចាស់ទីតាំងដែលចូលរួមអាចលើកឡើងពីចំណាប់អារម្មណ៍ ឬសំណួរ-ចម្ងល់ផ្សេងៗ ហេីយចម្ងល់ទាំងនោះ ត្រូវបានធ្វើការបកស្រាយ និងពន្យល់លម្អិតដោយវាគ្មិន ព្រមទាំងការពន្យល់បន្ថែមដោយលោកអភិបាលរាជធានីភ្នំពេញផងដែរ។
ក្រោយពីបានស្តាប់ការ បកស្រាយរួចមក តំណាងម្ចាស់ទីតាំងដែល បានចូលរួមទាំងអស់មានក្តីសប្បាយរីករាយ ដោយបង្ហាញនូវការប្តេជ្ញាចិត្តចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានល្អប្រសើរ៕