សង្គម

សម្ដេចធិបតី បានជំរុញវៀមណាមឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីងាយស្រួលការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ

image


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញវៀមណាមឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ ការជំរុញបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួប សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមលើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនៅពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មីម្ដងទៀត។

សម្ដេចធិបតីបានសម្ដែង នូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជានិងវៀតណាម ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌគណបក្ស និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នេះឱ្យបានល្អប្រសើរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារអាមេរិក និងបានស្នើវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន៕

អត្ថបទ និងរូប៖ ហ៊ន សុភ័ក្រ