ព័ត៌មានអន្តរជាតិ

តូបលក់ដូរជាង ៥០-៦០% នៅក្នុងផ្សារប្រាទូណាម ប្រទេសថៃ ត្រូវបិទទ្វារដោយមិនអាចទ្រាំទ្រនឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះបន្តទៀតបាន

image


ប្រទេសថៃ៖ តាមរយៈអត្ថបទដែលមានចំណងជើងថា «អវសាននៃតំបន់ប្រាទូណាម! អ្នកទិញមិនទៅ អ្នកលក់ទៅមុខលែងរួច តើអ្នកណានឹងរស់?» របស់ទំព័រហ្វេសប៊ុក ថៃលែនដ៍ ហ្វ្រេនឆាយ សូលូសិន & ម៉េឌៀ (Thailand’s Franchising Solution & Media) ដែលជាអ្នកផ្ដល់ដំណោះស្រាយលើបញ្ហាអាជីវកម្មរបស់ថៃ បានឱ្យដឹងថា ជាង ៥០-៦០% នៃតូបទាំងអស់នៅក្នុងផ្សារប្រាទូណាម ត្រូវបានបិទទ្វារដោយសារតែមិនអាចទ្រាំទ្រនឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះបន្តទៀតបាន ។

សំណេរខាងលើ បានបន្តថា តំបន់ពាណិជ្ជកម្មប្រាទូណាម ដែលធ្លាប់តែអ៊ូអរ និងជាមជ្ឈមណ្ឌលបោះដុំសម្លៀកបំពាក់ដ៏ធំបំផុតមួយនៅក្នុងទីក្រុងបាងកក កំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំគួរឱ្យបារម្ភ។ បច្ចុប្បន្ន ហាងលក់រាយប្រមាណជាង ៥០-៦០% បានសម្រេចចិត្តបិទអាជីវកម្ម ព្រោះតែមិនអាចទ្រាំទ្រនឹងការចំណាយដ៏ខ្ពស់ ខណៈដែលចំនួនអតិថិជនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
បញ្ហាដែលគួរឱ្យកត់សម្គាល់បំផុត គឺតម្លៃជួលដែលមានតម្លៃខ្ពស់កប់ពពក បើធៀបទៅនឹងចំណូលប្រចាំថ្ងៃដែលធ្លាក់ចុះជិតពាក់កណ្តាល បានធ្វើឱ្យអ្នកអាជីវកម្មខាតបង់ដើមទុនជាបន្តបន្ទាប់ រហូតដល់អ្នកខ្លះត្រូវបង្ខំចិត្តបោះបង់មុខរបរចោល ។

ក្រៅពីបញ្ហាតម្លៃជួល ឥទ្ធិពលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬអនឡាញ និងការនាំចូលទំនិញដែលមានតម្លៃថោកពីប្រទេសចិន បានក្លាយជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់អាជីវករ ស្របពេលអ្នកប្រើប្រាស់បានផ្លាស់ប្តូរមកទិញទំនិញតាមអនឡាញវិញ ដែលធ្វើឱ្យការលក់នៅតាមតូបលែងមានភាពប្រកួតប្រជែងដូចមុន គួបផ្សំនឹងការថយចុះនៃចំនួនភ្ញៀវទេសចរដែលជាចំណូលស្នូលថែមទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thailand’s Franchising Solution & Media | រូបភាព៖ pratunam-market-bangkok on Microsoft Bing/ Thailand’s Franchising Solution & Media