កម្ពុជា និងអូស្រ្តាលី គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា ផ្តោតលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងក្របខណ្ឌបទដ្ឋានគតិយុត្តពាក់ព័ន្ធយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបជាមួយលោកស្រី Delcy Lagones de Anglimនាយិកាមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបតិ្តការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Australasian Dispute Resolution Centre) ដោយអាចចុះជាអនុស្សរណៈនៃការយោគយល់គ្នា (MOU) សំដៅជួយគំាទ្រដល់ អ.ដ.ក. លើការងារបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងក្របខណ្ឌបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងយន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាស្ថាប័នថ្នាក់ជាតិថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការងារ អាទិភាពទី១ ក្នុងចំណោមការងារអាទិភាពទាំង ៣ នៃការកែទម្រង់វិស័យយុត្តិធម៌ នៅក្នុងវិធានការ គន្លឹះជាអាទិភាពទាំង ៥ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលពាក្យបណ្តឹងសរុបចំនួន ២,៩៤១សំណុំរឿង ក្នុងនោះ សំណុំរឿងដែលបានចាត់ការរួច ចំនួន ១,៣៤០សំណុំរឿង ហើយត្រូវបានដោះស្រាយបញ្ចប់ដោយព្រមព្រៀង ចំនួន ៧៤៩សំណុំរឿង និងសំណុំរឿងកំពុង ពិនិត្យនិងដោះស្រាយចំនួន ១,៦០១ សំណុំរឿង៕