ចិនបង្ហាញក្ដីបារម្ភ ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅអារ៉ាប់រួម និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅមជ្ឈិមបូព៌ា
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) នៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយដ្រូនកាលពីពេលថ្មីៗដែលសំដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងក្នុងតំបន់ ហ្វ៊ូចៃរ៉ា (Fujairah) ប្រទេសអារ៉ាប់រួម និងនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហ័រមូស (Hormuz)។ ចិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងពេញលេញ ដើម្បីការពារកុំឱ្យជម្លោះរីករាលដាលកាន់តែធំ ដែលអាចប៉ះពាល់ដល់សន្តិសុខថាមពលសកល និងអធិបតេយ្យភាពរបស់បណ្តាប្រទេសក្នុងតំបន់ ។
ការវាយប្រហារនេះ ត្រូវគេរាយការណ៍ថា មានប្រភពចេញពីប្រទេសអ៊ីរ៉ង់ ដែលបានបណ្តាលឱ្យមនុស្សរងរបួស និងបង្កជាអគ្គិភ័យនៅក្នុងតំបន់ឧស្សាហកម្មប្រេងរបស់អារ៉ាប់រួម។ ស្របពេលជាមួយគ្នា ក៏មានការប៉ុនប៉ងវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz ផងដែរ ដែលព្រឹត្តិការណ៍ទាំងនេះ បានកើតឡើងចំពេលដែលអាម៉េរិក និងអ៊ីរ៉ង់ហាក់កំពុងខិតជិតទៅរកកិច្ចព្រមព្រៀងថ្មីមួយ ។
បន្ថែមពីលើបញ្ហានៅមជ្ឈិមបូព៌ា ចិនក៏បានបញ្ជាក់គោលជំហរដាច់ខាតរបស់ខ្លួនលើបញ្ហាកោះតៃវ៉ាន់ ដោយចាត់ទុកថាជាចំណុចស្នូលនៃផលប្រយោជន៍ជាតិដែលមិនអាចរំលោភបំពានបាន។ ការបញ្ជាក់នេះ ធ្វើឡើងដើម្បីផ្ញើសារទៅកាន់សហរដ្ឋអាម៉េរិក មុនជំនួបកំពូលរវាងលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ដោយសង្កត់ធ្ងន់ថា ចលនាឯករាជ្យភាពតៃវ៉ាន់ គឺជាឧបសគ្គដល់សន្តិភាព ។
ចិនក៏បានប្រើប្រាស់វេទិកានេះ ដើម្បីរិះគន់ប្រទេសប៉ារ៉ាហ្គាយ ដែលនៅតែបន្តទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងបានស្តីបន្ទោសជប៉ុនចំពោះការលូកដៃចូលក្នុងបញ្ហផ្ទៃក្នុងរបស់ខ្លួន។ ក្រៅពីបញ្ហាក្នុងតំបន់អាស៊ី ចិនក៏បានសម្តែងការមិនពេញចិត្តចំពោះការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើប្រទេសគុយបា ដែលបង្ហាញពីមហិច្ឆតារបស់ចិន ក្នុងការដើរតួជាអ្នកការពារផលប្រយោជន៍របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍លើឆាកអន្តរជាតិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ nytimes on Microsoft Bing/ Xinhua