រុស្ស៊ី ព្រមានឱ្យមានការជម្លៀសជនបរទេសចេញពីទីក្រុងគីវ ខណៈរុស្ស៊ីត្រៀមសងសឹកទ្រង់ទ្រាយធំ បើពិធីបុណ្យជ័យជម្នះរងនូវការរំខាន
រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ប្រកាសអាសន្នមួយ ដោយបង្គាប់ឱ្យគ្រប់ស្ថានទូត និងអង្គការអន្តរជាតិទាំងអស់ ជម្លៀសបុគ្គលិកចេញពីទីក្រុងគីវឱ្យបានឆាប់បំផុត។ ការព្រមាននេះ ធ្វើឡើងក្នុងគោលបំណងការពារសុវត្ថិភាពជនបរទេស មុនពេលរុស្ស៊ីបើកការវាយប្រហារសងសឹកទ្រង់ទ្រាយធំទៅលើមជ្ឈមណ្ឌលបញ្ជាការដ្ឋានរបស់អ៊ុយក្រែន ប្រសិនបើពិធីបុណ្យជ័យជម្នះរបស់រុស្ស៊ីរងការរំខាន ។
អ្នកនាំពាក្យរុស្ស៊ី លោកស្រី Maria Zakharova បញ្ជាក់ថា នេះគឺជាការដាស់តឿនចុងក្រោយបង្អស់ចំពោះរបបទីក្រុងគីវ ឱ្យបញ្ឈប់ផែនការបង្កវិនាសកម្មក្នុងថ្ងៃទី ៩ ខែឧសភា។ លោកស្រីក៏បានស្តីបន្ទោសធ្ងន់ៗដល់បណ្តាប្រទេសអឺរ៉ុប ដែលបន្តគាំទ្រអ៊ុយក្រែនទាំងងងឹតងងល់ និងជួយផ្គត់ផ្គង់អាវុធដែលនាំឱ្យជម្លោះកាន់តែរីករាលដាលខ្លាំងឡើង ។
ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ជំហរថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចទីតាំងយុទ្ធសាស្ត្រសំខាន់ៗនៅទីក្រុងគីវគ្រប់ពេលវេលា។ ទោះបីជាកន្លងមក រុស្ស៊ីធ្លាប់បានអត់ធ្មត់មិនប្រើប្រាស់វិធានការក្តៅបំផុតដោយសារក្តីបារម្ភផ្នែកមនុស្សធម៌ ប៉ុន្តែរុស្ស៊ីនឹងលែងយោគយល់ទៀតហើយ ប្រសិនបើអ៊ុយក្រែនហ៊ានបំពានខ្សែបន្ទាត់ក្រហមក្នុងថ្ងៃដ៏មានអត្ថន័យរបស់ខ្លួន ។
អ្នកនាំពាក្យ បន្ថែមថា ស្ថានភាពជាក់ស្តែងនៅលើសមរភូមិហាក់ផ្ទុយពីពាក្យសម្តីរបស់ភាគីអ៊ុយក្រែន ដោយរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់មកលើលំនៅដ្ឋានជនស៊ីវិល ក្នុងតំបន់គ្រីមៀ និងតំបន់ Bryansk។ សកម្មភាពវាយប្រហារដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស រួមទាំងកុមារតូចៗផងនោះ ត្រូវរុស្ស៊ីចាត់ទុកថាជាភស្តុតាងដែលបង្ហាញថា អ៊ុយក្រែនគ្មានឆន្ទៈក្នុងការចរចាសន្តិភាពពិតប្រាកដឡើយ ។
ទោះបីជាមានការវាយប្រហារបន្តបន្ទាប់ក៏ដោយ រុស្ស៊ីនៅតែមិនទាន់ដកសំណើឈប់បាញ់រយៈពេលពីរថ្ងៃក្នុងឱកាសថ្ងៃជ័យជម្នះនៅឡើយទេ។ ទោះជាយ៉ាងណាក្ដី រុស្ស៊ីសង្កត់ធ្ងន់ថា ទង្វើបោកប្រាស់ និងការបន្តប្រើប្រាស់គោលនយោបាយភេរវកម្មលើជនស៊ីវិលរបស់ទីក្រុងគីវ គឺជាការបង្ហាញពីភាពទាល់ច្រករបស់អ៊ុយក្រែននៅលើសមរភូមិដែលមិនអាចប្រកែកបាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.