ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ជំរុញឱ្យអាស៊ានឯកភាពគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ខណៈវិបត្តិមជ្ឈិមបូព៌ាកំពុងដាក់សម្ពាធកាន់តែខ្លាំងលើតំបន់

image

ហ្វីលីពីន៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ថេរ៉េហ្សា តេស ឡាហ្សារ៉ូ (Theresa 'Tess' Lazaro) បានជំរុញឱ្យបណ្តាប្រទេសអាស៊ានរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលោកស្រីបានក្រើនរំឭកថា ព្រឹត្តិការណ៍សកលថ្មីៗនេះ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើតំបន់ ។

លោកស្រី មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ៣១ នៅទីក្រុងសេប៊ូថា «យើងមានចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការប្រែក្លាយតំបន់នេះឱ្យទៅជាដែនដីដែលមានសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។ រាល់សកម្មភាពទាំងអស់ ត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិជាដើម»។ លោកស្រីបន្ថែមថា ការប្តេជ្ញាចិត្តនេះ មានសារៈសំខាន់ខ្លាំងណាស់ នៅចំពេលដែលស្ថានការណ៍នយោបាយសកលកំពុងមានភាពស្មុគស្មាញ ។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានលើកឡើងជាពិសេសអំពីវិបត្តិនៅមជ្ឈិមបូព៌ា ដោយកត់សម្គាល់ពីផលប៉ះពាល់អវិជ្ជមានដល់ថាមពល ស្បៀងអាហារ និងសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់អាស៊ាន។ លោកស្រី Lazaro សង្កត់ធ្ងន់ថា «តំបន់នេះ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះកម្លាំងទាំងឡាយណាដែលកំពុងគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ។

កិច្ចប្រជុំទាំងនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី ៦ ដល់ទី ៨ ខែឧសភា ក្រោមប្រធានបទ «តម្រង់ទិសអនាគតរបស់យើង រួមគ្នា»។ គេរំពឹងថា កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើសន្តិសុខផ្លូវទឹកក្នុងតំបន់ ភាពធន់នៃថាមពល និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា ។

គួររំឭកថា ការបិទច្រកសមុទ្រ ហ័រមូស (Hormuz) បានបង្កឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរដល់បណ្តាប្រទេសអាស៊ាន ដែលជាអ្នកនាំចូលឧស័ន និងប្រេងដ៏ធំ។ ដើម្បីដោះស្រាយបញ្ហានេះ ហ្វីលីពីនបានប្រកាសអាសន្នផ្នែកថាមពលជាតិកាលពីថ្ងៃទី ២៤ ខែមីនា ស្របពេលឥណ្ឌូណេស៊ី និងវៀតណាមបានចាប់ផ្តើមដាក់កម្រិតលើការប្រើប្រាស់ថាមពលរៀងៗខ្លួន ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.