លោកត្រាំ ជំរុញឱ្យអ៊ីរ៉ង់ប្រញាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់ បើមិនចង់ប្រឈមមុខនឹងមហន្តរាយដ៏ធំ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា បទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់នៅតែមានសុពលភាព ទោះបីជាមានការប៉ះទង្គិចគ្នាដោយអាវុធនៅច្រកសមុទ្រ ហ័រមូស (Hormuz) ក៏ដោយ។ លោកបានចាត់ទុកការវាយប្រហាររបស់អ៊ីរ៉ង់មកលើនាវាចម្បាំងអាម៉េរិកថាគ្រាន់តែជា «ការលេងសើច» ប៉ុណ្ណោះ ព្រោះកងទ័ពអាម៉េរិកមានសមត្ថភាពខ្ពស់ ក្នុងការកម្ទេចរាល់ការគំរាមកំហែងទាំងនោះភ្លាមៗ ។
នៅក្នុងពាក្យសម្តីព្រមានធ្ងន់ៗ លោក ត្រាំ បានលើកឡើងថា បើអ៊ីរ៉ង់មិនប្រញាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់នោះទេ ពួកគេនឹងត្រូវប្រឈមមុខនឹងមហន្តរាយដ៏ធំ។ លោកបានប្រើពាក្យប្រៀបធៀបថា បើគ្មានបទឈប់បាញ់ទេ ពិភពលោកនឹងឃើញពន្លឺភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីទឹកដីអ៊ីរ៉ង់ ដែលមានន័យថាអាម៉េរិកនឹងប្រើកម្លាំងបាយកម្រិតខ្លាំងបំផុត ដើម្បីវាយប្រហារ ។
ពាក់ព័ន្ធនឹងការប៉ះទង្គិចនៅឯច្រកសមុទ្រ ហ័រមូស (Hormuz) លោក ត្រាំ បានរៀបរាប់ថា នាវាពិឃាតរបស់អាម៉េរិកចំនួន ៣ គ្រឿង រងនូវការរំខានដោយដ្រូន មីស៊ីល និងទូកតូចៗរបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក្ដី កងទ័ពអាម៉េរិកបានបាញ់កម្ទេចគ្រាប់យុទ្ធភណ្ឌទាំងអស់ក្នុងរយៈពេលដ៏ខ្លី ហើយថែមទាំងបានបាញ់កម្ទេចចង្កូតនាវាដឹកប្រេងរបស់អ៊ីរ៉ង់ទៀតផង ដើម្បីជាការព្រមានដោយមិនចង់បង្កឱ្យមានសង្រ្គាមទ្រង់ទ្រាយធំ ។
លោកសង្កត់ធ្ងន់ដែរថា ការចរចាសន្តិភាពកំពុងដំណើរការទៅមុខយ៉ាងរលូន ប៉ុន្តែវាអាចប្រែទៅជាការឈឺចាប់សម្រាប់អ៊ីរ៉ង់វិញ បើពួកគេមិនព្រមសម្រេចកិច្ចព្រមព្រៀងជាផ្លូវការ។ លោកជឿជាក់ថា អ៊ីរ៉ង់គឺជាភាគីដែលចង់បានសន្តិភាពនេះខ្លាំងជាងអាម៉េរិកទៅទៀត ព្រោះពួកគេដឹងពីឥទ្ធិពលយោធាដ៏ខ្លាំងខ្លារបស់សហរដ្ឋអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ nytimes on Microsoft Bing