តម្លៃប្រេងម៉ាស៊ូតនៅឥណ្ឌូណេស៊ី កើនឡើងជិត ២ដុល្លារ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវភាពប្រជានេសាទ
ឥណ្ឌូណេស៊ី៖ តម្លៃប្រេងម៉ាស៊ូតនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យនេសាទក្នុងតំបន់ប៉ាទី (Pati)។ ដោយសារតែតម្លៃប្រេងឡើងដល់ ៣០,០០០ រូពីក្នុងមួយលីត្រ (ចន្លោះពី ៧,៥០០៛ - ៧,៨០០៛ ឬប្រហែល ១.៨៥ ទៅ ១.៩០ ដុល្លារ) ម្ចាស់ទូករាប់រយគ្រឿងមិនមានលទ្ធភាពចេញទៅនេសាទឡើយ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅតាមកំពង់ផែត្រូវធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។
ប្រជានេសាទនៅក្នុងតំបន់ កំពុងប្រឈមនឹងវិបត្តិអត់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូលទាំងស្រុង ដោយសារតែពួកគេមិនអាចរ៉ាប់រងលើចំណាយប្រតិបត្តិការដែលកើនឡើងខ្លាំងបានឡើយ។ ពួកគាត់បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យជួយបញ្ចុះតម្លៃប្រេងឱ្យបានពាក់កណ្តាល ដើម្បីឱ្យពួកគាត់អាចបន្តមុខរបរចិញ្ចឹមជីវិតបានឡើងវិញ ព្រោះបន្ទុកសេដ្ឋកិច្ចបច្ចុប្បន្នគឺធ្ងន់ធ្ងរហួសពីការស្មាន ។
វិបត្តិនេះ មិនមែនកើតឡើងតែនៅក្នុងប្រទេសឥណ្ឌូណេស៊ីមួយនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃបញ្ហាថាមពលសកល ដែលបណ្តាលមកពីការរំខាននៅច្រកសមុទ្រ ហ័រមូស (Hormuz)។ ការកកស្ទះផ្លូវដឹកជញ្ជូនប្រេងអន្តរជាតិនេះ បានធ្វើឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលជាអ្នកនាំចូលថាមពល រងគ្រោះយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ។
ជាការឆ្លើយតបនឹងវិបត្តិថាមពលដ៏ស្មុគស្មាញនេះ ប្រទេសក្នុងតំបន់អាស៊ាន ដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម បានចាប់ផ្តើមដាក់ចេញនូវវិធានការអាសន្នផ្សេងៗ។ ការប្រកាសអាសន្នថាមពល និងការដាក់កម្រិតប្រើប្រាស់ប្រេង បានបង្ហាញឱ្យឃើញពីភាពអាសន្ននៃបញ្ហានេះ ដែលទាមទារឱ្យមានដំណោះស្រាយជាប្រព័ន្ធ ដើម្បីជួយសង្គ្រោះប្រជាជនដែលកំពុងរងគ្រោះ ដូចជាក្រុមអ្នកនេសាទជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.