ខេត្តកែប បានជំរុញកំណើនទំហំសេដ្ឋកិច្ចខេត្ត រួមចំណែកកាត់បន្ថយភាពក្រីក្រ បានថយចុះពីអត្រា១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម២.០៧% នៅឆ្នាំ២០២៦
កំពត៖ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ដោយកត្តាសក្តានុពល និងភូមិសាស្ត្រមានអំណោយផល ខេត្តកែប បានជំរុញកំណើនទំហំសេដ្ឋកិច្ចខេត្ត រួមចំណែកកាត់បន្ថយភាពក្រីក្រ បានថយចុះពីអត្រា១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២.០៧% នៅឆ្នាំ២០២៦។
លោកថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកែប និងខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅសាលាខេត្តកំពត។
លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា នៅទូទាំងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ(គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦) សរុប ជាង២ម៉ឺន៧ពាន់នាក់ (២៧.៤០០នាក់) ស្មើនឹង៨៨,៧០%។
ជាមួយគ្នានោះដែរ ឆ្នាំ២០២៥ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបជិត១លាន៦សែននាក់ ( ១,៥៩២,៥១១នាក់) ធៀបនឹងឆ្នាំ ២០២៤ ជាង១លាន៤សែននាក់ (១,៤២៤,៦១៣នាក់) កើនឡើង ១១.៧៨%។
លោកអភិបាលខេត្ត ឱ្យដឹងដែរថា ខេត្តកែប មានទីតាំងទេសចរណ៍ ចំនួន៤២កន្លែង។ អ្នកប្រកបមុខរបរក្នុងវិស័យនេះមានចំនួនជាង ១២០០នាក់ និងទទួលបានចំណូលផ្ទាល់ សរុបចំនួនប្រមាណជាង ៣៤ លានដុល្លាអាម៉េរិក៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម