ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥

image

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាសធុរកិច្ច និងការប្រកួតប្រជែង។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា របាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ មិនត្រឹមតែត្រូវបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តរបស់ក្រសួង-ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែឆ្លុះបញ្ចាំងអំពីបញ្ហា ចំណុចខ្វះខាតនិងកិច្ចការដែលត្រូវកែលម្អ ដើម្បីជាមូលដ្ឋានសម្រាប់តម្រង់និងកែតម្រូវទិសដៅគោលនយោបាយ និងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ផ្អែកលើបទពិសោធន៍អនុវត្តរយៈពេលជាងពីរឆ្នាំកន្លងមក លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការតាមដាន និងត្រួតពិនិត្យនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន រួមមាន របៀបរបបធ្វើការ ភាពចន្លោះប្រហោងផ្នែកបច្ចេកទេស បញ្ហាទិន្នន័យ សមត្ថភាពស្ថាប័ន ធនធានមនុស្ស និងការសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ដូច្នេះ ការតាមដាន និងត្រួតពិនិត្យមិនគួរត្រូវបានមើលឃើញត្រឹមជាការវាស់វែងសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាឧបករណ៍សម្រាប់តម្រង់ទិស ដាស់តឿន និងជំរុញការអនុវត្ត ដើម្បីសម្រេចបានគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរថា ការសម្រេចបានសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួននៅមានភាពយឺតយ៉ាវ បណ្តាលមកពីកត្តាប្រឈមមួយចំនួន រួមមាន សមត្ថភាពបច្ចេកទេសរបស់ក្រសួង-ស្ថាប័នដឹកនាំការអនុវត្ត ព្រមទាំងចូលរួមអនុវត្ត, ការសម្របសម្រួលអន្តរក្រសួងនៅមានកម្រិត, ការខ្វះខាតទិន្នន័យនិងប្រព័ន្ធព័ត៌មានដែលមានភាពគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូល, ផ្ទៀងផ្ទាត់ និងចែករំលែកទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះទាមទារឱ្យមានការបន្តពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់យន្តការសម្របសម្រួល និងការកសាងប្រព័ន្ធទិន្នន័យ និងព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធផល និងសុក្រឹតភាព។

សម្រាប់សូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាសធុរកិច្ច និងការប្រកួតប្រជែង អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ ការកំណត់និយមន័យ ការកត់ត្រា ការប្រមូល ការផ្ទៀងផ្ទាត់ និងសុពលភាពនៃការប្រើប្រាស់ទិន្នន័យ ដែលនៅមានបញ្ហាប្រឈមមួយចំនួន និងតម្រូវឱ្យមានការពិនិត្យកម្រិតបច្ចេកទេសបន្ថែម។

អង្គប្រជុំ បានកត់សម្គាល់ថា ការកំណត់និយមន័យ និងទិន្នន័យឱ្យបានច្បាស់លាស់កាន់តែសុក្រឹត និងមានសង្គតិភាព គឺមានសារៈសំខាន់សម្រាប់ឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង សក្តានុពល និងតម្លៃបន្ថែមខ្ពស់ក្នុងវិស័យកសិកម្ម, ការធ្វើឱ្យតួលេខសហគ្រាសធុនតូច និងមធ្យមអាចប្រើប្រាស់បានសម្រាប់ការតាមដានគោលនយោបាយ, ក៏ដូចជាការវាយតម្លៃបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងឱ្យបានគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះ អង្គប្រជុំ បានឯកភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តពិនិត្យឡើងវិញលើយន្តការចុះបញ្ជីពាណិជ្ជកម្ម ការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ ការកំណត់និយមន័យសូចនាករ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបន្តពិនិត្យលើសមាសធាតុលម្អិតនៃសូចនាករ ច្បាប់ និងឯកសារគតិយុត្តិពាក់ព័ន្ធ ប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការវាស់វែងមានភាពសុក្រឹត មានសង្គតិភាព និងឆ្លុះបញ្ចាំងបានត្រឹមត្រូវពីស្ថានភាពជាក់ស្តែង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានរំលេចថា គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ត្រូវបន្តពង្រឹងតួនាទីសម្របសម្រួលអន្តរក្រសួង ដើម្បីជួយដោះស្រាយបញ្ហាអន្តរវិស័យ ធានាស្ថិរភាពនៃការអនុវត្ត និងជំរុញឱ្យការតាមដាន និងត្រួតពិនិត្យឱ្យក្លាយជាឧបករណ៍សំខាន់សម្រាប់គាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រេចបាននូវគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល៕