ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់ឱ្យអាជ្ញាធរខេត្ត ស្រុក-ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ ត្រូវរួមសហការគ្នាធ្វើការបង្ក្រាបបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យដល់ឫសគល់

image

បន្ទាយមានជ័យ ៖ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរខេត្ត ស្រុក-ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ ត្រូវរួមសហការគ្នាធ្វើការបង្ក្រាបបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យដល់ឫសគល់ ។

ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជូនដល់អង្គភាព ពិសេសសមត្ដកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅខេត្តបន្ទាយមានជ័យ ។ 

លោក កែវ វណ្ណថន បានលេីកឡេីងថា “បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាស្មុគស្មាញសម្រាប់ពិភពលោកដែលយើងទាំងអស់គ្នារួមគ្នាក្នុងការដោះស្រាយ បង្ក្រាបឱ្យបានដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជា។”

លោក បន្តថា បច្ចុប្បន្ន បទល្មេីសនេះ បានក្លាយជាបទល្មើសសកលមួយដែលបាននិងកំពុងគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ និងសកលលោក ដែលបានធ្វើឱ្យខូចខាតបាត់បង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ 

លោក ក៏បានផ្ដល់អនុសាសន៍ទៅដល់អាជ្ញាធរខេត្ត ស្រុក-ក្រុង ពិសេសកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការបង្ក្រាបបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យដល់ឫសគល់ ដោយក្រុមនេះបានបំបែកខ្លួនពីក្រុមធំ មកជាក្រុមតូចៗដែលជាការប្រមូលផ្ដុំបង្កើនសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារកិត្តិយស ផលប្រយោជន៍ជាតិ ផល ប្រយោជន៍ប្រជាពលរដ្ឋ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម បង្កើតបរិយាកាសសង្គមឱ្យកាន់តែល្អប្រសើរ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ។

យោងតាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យុទ្ធនាការបង្ក្រាប Online Scams នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី០៦ ខែឧសភា គឺបង្ក្រាបបានចំនួន ១៥ទីតាំង មាន ជនបរទេសសរុបចំនួន ៤៦៥៦នាក់ មាន ១១សញ្ជាតិ(ជនជាតិចិនច្រេីនជាងគេ) ក្នុងនោះក៏មានជនជាតិថៃ ៦៣៥នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃវិញផងដែរតាមច្រកអន្តរជាតិប៉ោយប៉ែតកាលពីពេលកន្លងទៅ។ 

ពាក់ព័ន្ធ ការបង្ក្រាបបទល្មេីសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក អ៊ុំ រាត្រី អភិបាលខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្តបានចេញលិខិតបិទទីតាំងទាំងស្រុង ចំពោះទីតាំងដែលបានរកឃើញថា បានប្រព្រឹត្តបទល្មើស និងសង្ស័យថាមានការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ លោក ក៏បានណែនាំ និងជំរុញឱ្យសហការអនុវត្តការចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើការឃាត់ខ្លួនជនល្មើស និងបញ្ជូនទៅស្ថាប័ន/អង្គភាពពាក់ព័ន្ធតាមនីតិវិធី។ និងបានការសហការជិតស្និទ្ធជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្នុងការចុះត្រួតពិនិត្យទីតាំងពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញនៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្ត ជាពិសេស តំបន់ប៉ោយប៉ែត៕

ប៊ុន សំណាង