លោក ហួត ហាក់ ជំរុញអាជ្ញាធរស្រុកបារាយណ៍ ឱ្យខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
កំពង់ធំ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានជំរុញអាជ្ញាធរមូលដ្ឋានស្រុកបារាយ៍ ឱ្យខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ក្នុងគោលបំណងដើម្បីស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០នៃស្រុកបារាយណ៍។
ក្នុងកិច្ចប្រជុំ លោក ហួត ហាក់ ក៏បានជំរុញឱ្យបន្តពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, បន្តខិតខំធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋ និងបន្តផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលនានានៅក្នុងឃុំ ស្រុក និងខេត្ត និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ក្រៅពីនេះ លោក ហួត ហាក់ ក៏បាន ជំរុញឱ្យបន្តការអប់រំសតិអារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំនៅមូលដ្ឋាន ជាពិសេស ចំពោភៀសសឹក, ពលករដែលត្រឡប់មកពីប្រទេសថៃ, ក្រុមគ្រួសារវីរកងទ័ព, និងវីរកងទ័ពរងរបួសដែលកំពុងព្យាបាល ជាដើម។ បន្តជំរុញការងារធ្វើអត្តសញ្ញាណបណ្ណដល់យុវជនដែលគ្រប់អាយុ, យុវជនដែលត្រូវត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧, សមាជិក សមាជិកា ដែលអត្តសញ្ញាណបណ្ណ ហួសសុពលភាព។
ក្នុងឱកាសនោះ លោក ក៏បានកោតសរសើរ ក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា ថវិកា សម្ភារៈ ការជួយគាំទ្រតាមគ្រប់រូបភាព និងសហការសម្របសម្រួលសព្វគ្រប់បែបយ៉ាង ព្រមទាំងការប្រើប្រាស់មធ្យោបាយសរុប វិធានការសរុប កម្លាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ សម្រេចបានលទ្ធផលជាច្រើន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសូមឱ្យស្មារតីនេះ បន្តមានជាប់ជាប្រចាំ ដើម្បីបង្កើនទំនុកចិត្តជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ សុភ័ស្ស