សិស្សពូកែ ទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុនសែន ពងទឹក ស្រុករំដួល ទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តស្វាយរៀង
ស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះបានជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនោះ លោកអភិបាលរងខេត្ត បានចូលអបអរសាទរយុវតី រស់ ដា ជាសិស្សនៅវិទ្យាល័យពងទឹក ស្រុករំដួល បានប្រឡងជាប់សិស្សពូកែ ទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ នាពេលកន្លងទៅថ្មីៗនេះ ដែលបាននាំមកនូវកិត្តយសសម្រាប់សាលា សម្រាប់ខេត្តស្វាយរៀង ជាពិសេសកិត្តយសដ៍ធំធេងសម្រាប់គ្រួសារ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូផងដែរ។
លោកអភិបាលរងខេត្តបានបន្ថែមថា ក្នុងនាមលោកភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងគ្រប់អ្នកពាក់ព័ន្ធ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀតក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។
លោកភិបាលរងខេត្ត ក៏បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ ត្រូវខិតយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនជាដើម ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អសម្រាប់សង្គមជាតិ ។
លោកអភិបាលរងខេត្ត ក៏បាននាំមកនូវថវិការបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តចំនួន២,០០០,០០០រៀល ឧត្ថម្ភដល់យុវតី រស់ ដា ផងដែរ៕
អត្ថបទ៖ មិន ភក្តី