ព័ត៌មានជាតិ

សមាគម IDEA និងអង្គការអុកស្វាម អំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខភាពការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈដែលកម្ពុជា កំពុងឈានឆ្ពោះទៅរកបរិវត្តកម្មឌីជីថល

image

ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម រួមគ្នាប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ក្រោមវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានអ្នកចូលរួមប្រមាណ២៥០នាក់ រួមមាន តំណាងអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាល។

ការប្រារព្ធពិធីនេះ បង្ហាញពីការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំពោះកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា និងការយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះក្នុងយុគសម័យឌីជីថល និងតម្រូវការបន្ទាន់សម្រាប់គាំពារសង្គម និងសិទ្ធិការងារកាន់តែរឹងមាំ។

លោក តាន់ វិសាល តំណាងអង្គការអុកស្វាមកម្ពុជា បានមានប្រសាសន៍ថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ទិវាអន្តរជាតិនេះ មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃកម្មករក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យធានាថា បរិវត្តកម្មឌីជីថល និងគោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន នឹងពង្រឹងភាពអង់អាចដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទុកពួកគាត់ចោល។

នៅពេលដែលប្រទេសកម្ពុជាខិតខំឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ការធានាបាននូវការងារសមរម្យនៅក្នុងយុគសម័យឌីជីថលគឺចាំបាច់ណាស់។ គោលនយោបាយគាំពារសង្គម សិទ្ធិការងារ និងសុវត្ថិភាពការងារមានសារៈសំខាន់ណាស់ក្នុងការការពារជីវភាពរស់នៅ និងកាត់បន្ថយហានិភ័យនៃភាពក្រីក្រក្នុងចំណោមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា “យើងត្រូវតែធានាថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនត្រូវបានទុកចោលក្នុងអន្តរកាលឌីជីថលនេះទេ ហើយសិទ្ធិ សុវត្ថិភាព និងសុខភាពការងាររបស់ពួកគេត្រូវបានការពារពេញលេញស្របទៅតាមបរិបទពិភពលោកដែលកំពុងប្រែប្រួលនាពេលបច្ចុប្បន្ន។”

កម្មវិធីនេះ បានផ្តល់ជាវេទិកាមួយសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ពួកគេដោយផ្ទាល់ជាមួយអ្នកតាក់តែងគោលនយោបាយ និងភាគីពាក់ព័ន្ធ។ ក្នុងនោះក៏មានការធ្វើបទបង្ហាញពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីពីការអភិវឌ្ឍគោលនយោបាយថ្មីសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាកិច្ចពិភាក្សាចំនួនពីរស្តីពី “គោលនយោបាយគាំពារសង្គម និងការអភិវឌ្ឍគោលនយោបាយគាំពារសង្គមក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” និង “ឆ្ពោះទៅរកសុវត្ថិភាព និងសុខភាពការងារសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។

ការអបអរសាទរទិវាពលកម្មអន្តរជាតិនេះ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចគោលដៅរួមគ្នាក្នុងការកសាងអនាគតប្រកបដោយបរិយាបន្ន និងសមធម៌៕

អត្ថបទ៖ សុភ័ស្ស