សង្គម

កម្ពុជា រៀបចំកិច្ចប្រជុំកម្រិតខ្ពស់ជាលើកដំបូង ស្តីពីផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងគោលបំណងសំខាន់ចំនួន៣

image


ភ្នំពេញ៖ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីអង្គការមូលនិធិអាស៊ី និងអង្គការ UN Women នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ លើកដំបូងរបស់ប្រទេសកម្ពុជា ក្រោមអធិបតីលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

គោលបំណងសំខាន់សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់នេះគឺ៖ ១.បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាផ្នែកនយោបាយក្នុងការលើកកម្ពស់របៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅកម្ពុជា, ២.ផ្តល់ការណែនាំជាយុទ្ធសាស្ត្រលើទិសដៅ វិសាលភាព និងពហុបំណងចម្បងនៃ ផែនទី បង្ហាញផ្លូវ និង៣.ពង្រឹងភាពជាម្ចាស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងការចូលរួមពីវិស័យសំខាន់ៗ ដូចជា សន្តិសុខ ផែនការ និងហិរញ្ញវត្ថុជាដើម។

លោកស្រី អ៉ឹង កន្ថាផាវី មានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដែលក្រសួងកិច្ចការនារី បានសម្របសម្រួលនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ជាតិដោយផែនទីបង្ហាញផ្លូវ បានកំណត់នូវគន្លងផ្លូវដែលមានរចនាសម្ព័ន្ធច្បាស់លាស់បែងចែក ជាដំណាក់កាល និងផ្អែកលើភស្តុតាងឆ្ពោះទៅរកការរៀបចំផែនការសកម្មភាពជាតិ (NAP) មួយ ដែលមានភាពជាម្ចាស់ពិតប្រាកដរបស់ថ្នាក់ជាតិដែលរៀបចំឡើងដោយបានគិតគូរពីស្ថានភាពជាក់ស្តែង មាន ចក្ខុវិស័យវែងឆ្ងាយ និងត្រូវបានបន្ស៊ីគ្នាយ៉ាងរឹងមាំទៅក្នុងប្រព័ន្ធស្ថាប័ន និងវិស័យអាទិភាពនាពេលបច្ចុប្បន្នដែលកំពុងកើតមានឡើង។

ការរៀបចំផែនការសកម្មភាពជាតិស្តីពីស្ត្រីសន្តិភាព និងសន្តិសុខនេះ គឺជាមធ្យោបាយមួយក្នុងការពង្រឹងសមត្ថភាពរួមគ្នារបស់ក្រសួង-ស្ថាប័ន ដើម្បីកសាងសង្គមមួយដែលអាចរក្សាបាននូវសន្តិភាព បរិយាបន្ន និងភាពធន់កាន់តែខ្លាំង ពិសេសជាកន្លែងដែលស្ត្រី និងក្មេងស្រីត្រូវ បានផ្តល់នូវអំណាច និងឱកាសក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ និងជាកន្លែងដែលស្ថាប័ននានាបានទទួល ការបង្កើននូវការយល់ដឹង និងសមត្ថភាពកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈម ដែល កំពុងកើតមាននៅកម្ពុជាដោយគ្មាននរណា ម្នាក់ត្រូវបានទុកចោលក្នុងគ្រាមានជម្លោះ វិបត្តិ ឬការផ្លាស់ប្តូរនោះទេ។

លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា ផែនការសកម្មភាពជាតិដែលគ្រោងនឹងបង្កើតនេះក៏ជាសញ្ញាដ៏មានឥទ្ធិពលមួយដែលបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា នៅថ្នាក់តំបន់ និង សកលលោកជាបន្តបន្ទាប់ ដោយបង្ហាញ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្រោមសេចក្តីសម្រេចលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងផែនការសកម្មភាពតំបន់អាស៊ាន ស្តីពី ASEAN Regional Plan of Action on Women Peace and Security (RPA-WPS) ហើយផែនការសកម្មភាពថ្នាក់តំបន់នេះ មិនមែនគ្រាន់តែជាពាក្យសម្តីនោះទេ តែជាសកម្មភាពដែលអាចអនុវត្ត និងអាចវាស់វែងបានប្រកបដោយគណនេយ្យភាព។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សាតុមូលកម្រិតខ្ពស់ រំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការផ្នែកនយោបាយ សម្រាប់ជំរុញការអភិវឌ្ឍផែនការសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (NAP-WPS) របស់កម្ពុជា ព្រមទាំងផ្តល់ទិសដៅយុទ្ធសាស្ត្រជារួមសម្រាប់ដំណើរការនេះ។ ចំពោះកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសវិញ នឹងរួមចំណែកដល់ការរៀបចំផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រ ដែលគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តន៍បានដោយកែលម្អខ្លឹមសារបច្ចេកទេស និងធានាឱ្យមានភាពបន្សំគ្នារវាង ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី