ព័ត៌មានអន្តរជាតិ

អាជ្ញាធរអេស្ប៉ាញបញ្ជាក់ថា មនុស្ស ៩៤នាក់ មកពី ១៩សញ្ជាតិ ត្រូវបានជម្លៀសចេញពីនាវាដែលមានផ្ទុះវីរុស Hantavirus

image


អេស្ប៉ាញ៖ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញ បានប្រកាសពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុសហាន់តា (Hantavirus) ដោយស្ត្រីពីរនាក់ដែលស្ថិតក្នុងចំណោមអ្នកប៉ះពាល់ផ្ទាល់បំផុត បានធ្វើតេស្តអវិជ្ជមាន។ ទន្ទឹមនឹងនេះ យុទ្ធនាការជម្លៀសអ្នកដំណើរទ្រង់ទ្រាយធំចេញពីនាវា បានដំណើរការយ៉ាងរលូន ដោយមនុស្សចំនួន ៩៤ នាក់ មកពី ១៩ សញ្ជាតិផ្សេងៗគ្នា ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញតាមជើងហោះហើរពិសេសជាបន្តបន្ទាប់ ។
 
ទោះបីជាការជម្លៀសទទួលបានជោគជ័យក៏ដោយ ក៏អាជ្ញាធរបារាំងបានរកឃើញអ្នកដំណើរម្នាក់បង្ហាញរោគសញ្ញាសង្ស័យក្នុងអំឡុងពេលហោះហើរ។ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញចាត់ទុកថា ករណីនេះ ជារឿងដែលអាចកើតមានឡើងជាយថាហេតុ ខណៈអ្នកដំណើរផ្សេងទៀតក៏អាចនឹងចេញរោគសញ្ញាស្រដៀងគ្នានេះដែរ។ អាជ្ញាធរសុខាភិបាលនៃប្រទេសនីមួយៗកំពុងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអនុវត្តវិធានការដាក់ដាច់ដោយឡែក និងព្យាបាលតាមបច្ចេកទេស ។
 
អង្គការសុខភាពពិភពលោក (WHO) បានចេញគោលការណ៍ណែនាំយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឱ្យអ្នកដំណើរទាំងអស់ធ្វើការតាមដានសុខភាព និងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៤២ ថ្ងៃ។ អគ្គនាយក WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ើស (Tedros Adhanom Ghebreyesus) បានសង្កត់ធ្ងន់លើស្ថានភាពមនុស្សធម៌ ដោយយល់យោគចំពោះអ្នកដំណើរដែលភាគច្រើនជាមនុស្សវ័យចំណាស់ ដែលត្រូវប្រឈមនឹងភាពមិនស្រណុក ក្នុងអំឡុងពេលដាក់ឱ្យនៅដាច់ដោយឡែក និងការអនុវត្តវិធានការការពារខ្លួនយ៉ាងតឹងរ៉ឹង ។
 
WHO បញ្ជាក់ថា រាល់រោគសញ្ញាដែលកើតមានលើអ្នកដំណើរ មិនប្រាកដថាជាការឆ្លងវីរុសហាន់តា (Hantavirus) ទាំងអស់នោះទេ ព្រោះវាអាចជារោគសញ្ញានៃជំងឺរ៉ាំរ៉ៃផ្សេងៗដែលមនុស្សចាស់តែងតែជួបប្រទះ ខណៈវីរុសខាងលើនេះ អាចចម្លងមកកាន់មនុស្ស តាមរយៈការប៉ះពាល់ជាមួយប្រភេទសត្វកកេរ ដូចជា កណ្តុរ កំប្រុក ស្កា និងសំពោចជាដើម ជាពិសេសគឺការប៉ះពាល់ទឹកនោម លាមក និងទឹកមាត់របស់វា។ ទោះជាយ៉ាងណាក្ដី អង្គការសុខភាពពិភពលោក (WHO) មានទំនុកចិត្តលើអ្នកជំនាញសុខាភិបាលអន្តរជាតិក្នុងការគ្រប់គ្រងស្ថានការណ៍នេះ និងបានរំឭកឡើងវិញថា ធម្មជាតិនៃវីរុសនេះគឺខុសគ្នាស្រឡះពីវីរុសកូវីដ-១៩ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AFP via Getty Images/ Screenshot from VIORY’s video.