ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលធ្វើការក្នុងប្រព័ន្ធ តាមរយៈឱកាសការងារជាង ៩ម៉ឺនកន្លែង ដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្តល់ជូន

image

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលធ្វើការក្នុងប្រព័ន្ធ តាមរយៈឱកាសការងារជាង ៩ម៉ឺនកន្លែង ដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្តល់ជូន។


ការលើកទឹកចិត្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ក្នុងពិធីប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដោយមានអ្នកចូលរួមប្រមាណ២៥០នាក់ រួមមាន តំណាងអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាល។

លោក រដ្ឋមន្ត្រី មានប្រសាសន៍ថា ចំពោះកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមសហគ្រាស សិប្បកម្មតូចៗ ដែលមិនទាន់បានចុះបញ្ជីនៅក្រសួង សូមទៅចុះឈ្មោះចូលធ្វើការនៅតាមរោងចក្រ សហគ្រាសដែលផ្តល់ឱកាសការងារជាង ៩ម៉ឺនកន្លែង។ ឯកឧត្តម បានចាត់ទុកការប្រែក្លាយនេះថា «ជាវិធីសាស្រ្តដែលលឿនជាងគេបំផុត»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួង នឹងបន្តដោះស្រាយបញ្ហាសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធរបបសន្តិសុខសង្គម (ប.ស.ស.) ជាបណ្តើរៗ ដោយពិនិត្យពង្រីកវិសាលភាពសម្រាប់គ្រួសារក្រីក្រទៅតាមស្ថានភាពជាក់ស្តែងផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពន្យល់ពីអត្ថប្រយោជន៍ដ៏ចាំបាច់នៃការដាក់ឱ្យដំណើរការនៃថ្នាលឌីជីថលក្នុងការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ទន្ទឹមគ្នានេះ លោក រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា គោលដៅរួមនាពេលនេះ គឺចង់ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលធ្លាប់លំបាក ឱ្យក្លាយទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្តល់ជូនបន្តិចម្តងៗ។


ជាមួយគ្នានេះ លោករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា សមាជិកសមាគម IDEA កម្មករនិយោជិតក្រៅប្រព័ន្ធ និងភាគីពាក់ព័ន្ធ នឹងបន្តខិតខំចូលរួមចំណែកកាន់តែសកម្មបន្ថែមទៀតដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងអំពាវនាវឱ្យបន្តសហការគ្នាក្នុងសា្មរតីយោគយល់ខ្ពស់ជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញការងារ ចូលរួមផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយនានាផងដែរ។


សូមបញ្ជាក់ថា ការប្រារព្ធពិធីនេះ បង្ហាញពីការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំពោះកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា និងការយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះក្នុងយុគសម័យឌីជីថល និងតម្រូវការបន្ទាន់សម្រាប់គាំពារសង្គម និងសិទ្ធិការងារកាន់តែរឹងមាំ។
លោក តាន់ វិសាល តំណាងអង្គការអុកស្វាមកម្ពុជា បានមានប្រសាសន៍ថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។

ទិវាអន្តរជាតិនេះ មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃកម្មករក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យធានាថា បរិវត្តកម្មឌីជីថល និងគោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន នឹងពង្រឹងភាពអង់អាចដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទុកពួកគាត់ចោល៕
អត្ថបទ៖ សុភ័ស្ស