ព័ត៌មានជាតិ

តម្លៃប្រេងហក់ឡើងខ្ពស់ភ្លាមៗ ក្រោយលោកត្រាំ បដិសេធសំណើបញ្ចប់សង្គ្រាមរបស់ភាគីអ៊ីរ៉ង់

image

សហរដ្ឋអាម៉េរិក៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ភ្លាមៗនៅដើមសប្ដាហ៍នេះ ក្រោយពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រើសម្តីធ្ងន់ៗបដិសេធសំណើបញ្ចប់សង្គ្រាមរបស់ភាគីអ៊ីរ៉ង់។ ជំហរដាច់អហង្ការនេះ បានធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាចចំពោះស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងអន្តរជាតិ ជាពិសេសតាមច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) ដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយក្នុងលោក ។
 
លោក ត្រាំ ចាត់ទុកចម្លើយរបស់អ៊ីរ៉ង់ថា «មិនអាចទទួលយកបាន» ចំណែកប្រធានាធិបតីអ៊ីរ៉ង់វិញ ក៏បានប្រកាសមិនចុះចាញ់ ឬឱនក្បាលដាក់សត្រូវឡើយ។ ភាពតានតឹងនេះ សបញ្ជាក់ថា ដំណោះស្រាយសន្តិភាពនៅមជ្ឈិមបូព៌ានៅតែស្ថិតក្នុងភាពស្រពិចស្រពិល និងអាចអូសបន្លាយពេលយូរជាងការរំពឹងទុក ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចតំបន់ ។
 
ដោយឡែក ទីផ្សារភាគហ៊ុននៅអាស៊ីមានស្ថានភាពមិនដូចគ្នាឡើយ ដោយនៅទីក្រុងតូក្យូ និងហុងកុងបានរងផលប៉ះពាល់ និងមានការធ្លាក់ចុះខ្លះៗ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺភាគហ៊ុនក្រុមហ៊ុន Nintendo របស់ជប៉ុន ជិត ១០% មានការដាំក្បាលចុះ ក្រោយការប្រកាសពីការព្យាករណ៍ប្រាក់ចំណេញទាប និងការសម្រេចចិត្តដំឡើងថ្លៃផលិតផលថ្មី ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកវិនិយោគក្នុងវិស័យបច្ចេកវិទ្យា ។
 
ផ្ទុយទៅវិញ ទីផ្សារភាគហ៊ុននៅកូរ៉េខាងត្បូងបែរជាមានសន្ទុះកើនឡើងយ៉ាងខ្លាំងរហូតដល់ ៤% ដែលទទួលបានការគាំទ្រពីការងើបឡើងវិញនៃភាគហ៊ុនក្នុងវិស័យបច្ចេកវិទ្យា។ ភាពខុសគ្នានៃស្ថានភាពទីផ្សារក្នុងតំបន់នេះ បានបង្ហាញឱ្យឃើញពីភាពស្មុគស្មាញនៃសេដ្ឋកិច្ចអាស៊ី ដែលត្រូវប្រឈមមុខនឹងកត្តានយោបាយផង និងការប្រែប្រួលនៃវិស័យឧស្សាហកម្មផ្ទៃក្នុងផង ។
 
ក្នុងស្ថានភាពដ៏តានតឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កត ប៊ែសសិន (Scott Bessent) បានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការការទូតសេដ្ឋកិច្ច ដោយធ្វើដំណើរទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចនេះ ក៏ជាការត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក ត្រាំ និងលោក ស៊ី ជិនពីង នៅប្រទេសចិន ក្នុងពេលឆាប់ៗ ។
 
គេរំពឹងថា ជំនួបកំពូលរវាងអាម៉េរិក និងចិនដែលនឹងប្រព្រឹត្តទៅឆាប់ៗនេះ នឹងមានការជជែកលើបញ្ហាសំខាន់ៗចំនួនពីរ គឺសង្គ្រាមនៅមជ្ឈិមបូព៌ា និងទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ទោះបីជាមានភាពរកាំរកូសខ្លះៗកាលពីអតីតកាល ប៉ុន្តែការរក្សាសន្តិភាពពាណិជ្ជកម្មបច្ចុប្បន្ន គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ភាគីទាំងពីរនៅតែព្យាយាមស្វែងរកចំណុចរួម ដើម្បីស្ថិរភាពសេដ្ឋកិច្ចសកល៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP | រូបភាព៖ (Reuters/Eli Hartman)/ ( Kazuhiro NOGI/AFP/AFP)