ប្រតិបត្តិការ Monastery! ប្រតិបត្តិការចារកម្មដ៏ជោគជ័យបំផុតរបស់សហភាពសូវៀត ដែលផ្លាស់ប្តូរវាសនាសង្គ្រាមលោកលើកទី២
រុស្ស៊ី៖ តាមរយៈបទអត្ថាធិប្បាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន RT បានបង្ហាញថា នៅក្នុងប្រតិបត្តិការម៉ូណាស់ស្តឺរី (Monastery) គឺជាយុទ្ធសាស្ត្របោកបញ្ឆោតកម្រិតខ្ពស់របស់សហភាពសូវៀត ដោយប្រើប្រាស់ចារបុរស អាឡិចសាន់ឌឺ ដេម្ញ៉ាណូវ (Alexander Demyanov) ឱ្យជ្រៀតចូលក្នុងជួរដឹកនាំអាល្លឺម៉ង់ ។ តាមរយៈការបន្លំខ្លួនធ្វើជាអ្នកប្រឆាំងរបបស្តាលីន, លោក ដេម្ញ៉ាណូវ (Demyanov) បានធ្វើឱ្យពួកណាស៊ីជឿជាក់យ៉ាងខ្លាំង រហូតតែងតាំងរូបលោកឱ្យធ្វើជាទីភ្នាក់ងារសម្ងាត់ប្រចាំទីក្រុងមូស្គូ ដើម្បីតាមដានសកម្មភាពយោធាសូវៀត ប៉ុន្តែតាមពិតលោកគឺជាអ្នកផ្ដល់ «ព័ត៌មានមិនពិត» ដើម្បីបង្វែរទិសដៅសត្រូវតែប៉ុណ្ណោះ ។
ជោគជ័យដ៏ធំធេងនៃផែនការនេះ គឺជាការបោកបញ្ឆោតឱ្យកងទ័ពអាល្លឺម៉ង់ទៅប្រមូលផ្តុំខុសគោលដៅ ដែលជួយឱ្យសូវៀតអាចការពារទីក្រុងមូស្គូ និងទទួលបានជ័យជម្នះនៅសមរភូមិស្តាលីនក្រាតដោយស្មានមិនដល់។ ភាពសម្ងាត់នៃប្រតិបត្តិការនេះមានកម្រិតខ្ពស់បំផុត រហូតដល់ថ្នាក់មេទ័ពសូវៀតជាន់ខ្ពស់ដូចជាលោក ហ្ស៊ូខូវ (Zhukov) ក៏មិនបានដឹងដែរថា ការខាតបង់កងទ័ពនៅសមរភូមិ រហ្សេវ (Rzhev) គឺជាផ្នែកមួយនៃល្បែងបញ្ឆោត ដើម្បីផ្ដល់ជ័យជម្នះដ៏ធំសម្រាប់សមរភូមិស្តាលីនក្រាត ។
ប្រតិបត្តិការគឺជាផ្នែកមួយនៃ «ចំណុចរបត់យុទ្ធសាស្ត្រដ៏សំខាន់បំផុត» ដែលជួយឱ្យសូវៀតអាចវាយបក និងដណ្ដើមយកប្រៀបលើពួកណាស៊ីអាល្លឺម៉ង់ ដោយប្រតិបត្តិការនេះ បានបញ្ចប់ទៅដោយជោគជ័យត្រចះត្រចង់ ធ្វើឱ្យលោក ស៊ូដូផ្លាតូវ (Sudoplatov) ដែលជាមន្ត្រីចារកម្មដឹកនាំនៅក្នុងប្រតិបត្តិការម៉ូណាស់ស្តឺរី (Monastery) និងក្រុមការងារទទួលបានមេដាយកិត្តិយសកម្រិតយោធាខ្ពស់បំផុត។ ស្នាដៃរបស់វីរបុរសលាក់មុខទាំងនេះ មិនត្រឹមតែជាមេរៀនចារកម្មដ៏អស្ចារ្យសម្រាប់ពិភពលោកក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដ៏អស្ចារ្យមួយ ក្នុងការកម្ចាត់របបហ្វាស៊ីសនិយមឱ្យរលាយសាបសូន្យពីលើភពផែនដីផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.