សង្គម

មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ានទទួលស្វាគមន៍តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ នៅរាជធានីភ្នំពេញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ក្នុងសកម្មភាពមីនមនុស្សធម៌

image


 ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC) នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ មកពីសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់ ARMAC ក្នុងរាជធានីភ្នំពេញ។ គណៈប្រតិភូនេះដឹកនាំដោយ លោក Elchin Oktyabr oglu Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ទទួលបន្ទុកការងារពិសេស និងអមដំណើរដោយ លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំប្រទេសវៀតណាម ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញពីការបន្ត និងកាន់តែស៊ីជម្រៅនៃការចូលរួមរវាងប្រទេសអាស៊ែបៃហ្សង់ និង មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC) ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដ៏មានអត្ថន័យ ក្នុងសកម្មភាពមីនមនុស្សធម៌។
 
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ បានចូលរួមក្នុងការផ្លាស់ប្តូរទស្សនៈវិស័យសំខាន់ៗ និងទស្សនៈវិស័យនាពេលអនាគត លើកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមទាំងការគាំទ្រប្រតិបត្តិការដោះមីន ការអភិវឌ្ឍសមត្ថភាពសម្រាប់ទីភ្នាក់ងារជាតិសម្រាប់សកម្មភាពមីន (ANAMA) របស់អាស៊ែបៃហ្សង់ ការចែករំលែកការអនុវត្តល្អបំផុតក្នុងតំបន់ក្នុងការជួយជនរងគ្រោះ ប្រតិបត្តិការដោះមីនដែលរួមបញ្ចូល អភិវឌ្ឍន៍ ពង្រឹងសម្ថភាពបច្ចេកទេស យេនឌ័រ និងការតម្រឹមគោលនយោបាយសកម្មភាពមីនជាតិជាមួយនឹងស្តង់ដារអន្តរជាតិ។
ដោយមានជំនឿជឿជាក់ថា ការស្តារឡើងវិញមិនមែនចាប់ផ្តើមដោយការសាងសង់ទេ ប៉ុន្តែចាប់ផ្តើមដោយសុវត្ថិភាព ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវគោលដៅរួមមួយដែលឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅនៅទូទាំងសហគមន៍អាស៊ាន និងលើសពីនេះថា៖ មនុស្សគ្រប់រូបដែលរងផលប៉ះពាល់ដោយការបំពុលដោយគ្រឿងផ្ទុះសមនឹងទទួលបានសិទ្ធិរស់នៅក្នុងសុវត្ថិភាព ដោយមានសេចក្តីថ្លៃថ្នូរ និងសន្តិភាព - ចក្ខុវិស័យដែលស្ថិតនៅក្នុងបេះដូងនៃរបៀបវារៈយុទ្ធសាស្ត្ររបស់អាស៊ានឆ្ពោះទៅរកឆ្នាំ ២០៤៥។
 
លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃ មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC) បានមានប្រសាសន៍ថា "ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែខ្លាំងឡើងថា សកម្មភាពមីនមនុស្សធម៌មិនមែនជាបញ្ហាតំបន់ទេ តែជាការទទួលខុសត្រូវរួមរបស់មនុស្ស។ ARMAC ត្រៀមខ្លួនរួចជាស្រេចដើម្បីដើរជាមួយ Azerbaijan និង ANAMA ដោយទាញយកបទពិសោធន៍ជាច្រើនទសវត្សរ៍ដែលរកបានដោយលំបាកនៅទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រដល់ការវិលត្រឡប់ដោយសុវត្ថិភាពនៃសហគមន៍ដែលរងផលប៉ះពាល់ទៅកាន់ផ្ទះរបស់ពួកគេ"។
 
ក្រៅពីបេសកកម្មក្នុងតំបន់របស់ខ្លួនជាមជ្ឈមណ្ឌលឧត្តមភាពក្នុងតំបន់ និងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនមនុស្សធម៌ ARMAC ប្តេជ្ញាកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកដើរតួនៅទូទាំងពិភពលោក ពង្រឹងការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍសមត្ថភាព ការគ្រប់គ្រងព័ត៌មាន និងប្រព័ន្ធគាំទ្រដែលផ្តោតលើអ្នករស់រានមានជីវិតគ្រប់ទីកន្លែងដែលពួកគេត្រូវការ។
 
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ Azerbaijan នាពេលនេះ គឺជាការបង្ហាញជាក់ស្តែង នៃវិសាលភាពអន្តរជាតិដែលកំពុងកើនឡើងរបស់ ARMAC និងតួនាទីរបស់ខ្លួនជាស្ពានរវាងជំនាញក្នុងតំបន់ និងតម្រូវការមនុស្សធម៌សកល។
 
សូមជម្រាបថា មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC) គឺជាមជ្ឈមណ្ឌលឧត្តមភាពក្នុងតំបន់មួយ ដែលបង្កើតឡើងដោយថ្នាក់ដឹកនាំអាស៊ានក្នុងឆ្នាំ ២០១២ ក្រោមក្របខ័ណ្ឌអាស៊ាន នៅរាជធានីភ្នំពេញ។ ARMAC គាំទ្ររដ្ឋជាសមាជិកក្នុងការដោះស្រាយផលប៉ះពាល់មនុស្សធម៌ និងការអភិវឌ្ឍនៃគ្រាប់រំសេវផ្ទុះ (EO)។ ARMAC លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រឹងសមត្ថភាពបច្ចេកទេស និងផ្តល់ជំនាញដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញពីផលប៉ះពាល់នៃសង្គ្រាម និងឈានទៅមុខក្នុងសន្តិភាព និងសន្តិសុខ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ