ការនាំចេញរបស់កម្ពុជា នៅតែរក្សាបានកំណើនរឹងមាំ ដល់ជិត ២២% ក្នុងរយៈពេល ៤ខែឆ្នាំ២០២៦ ទោះបីប្រឈមភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦នេះ នៅតែរក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ការដំឡើងពន្ធគយបដិការរបស់អាម៉េរិក និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា ក៏ដោយ។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា សម្រេចបានប្រមាណ ១១,១២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៧% ខណៈការនាំចូលមានទំហំទឹកប្រាក់ប្រមាណ ១២,២៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប វៀតណាម ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី ជាដើម។
មុខទំនិញនាំចេញសំខាន់ៗ រួមមាន ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្មដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ព្រមទាំងគ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារអគ្គិសនី និងគ្រឿងបង្គុំអេឡិចត្រូនិក។
ចំណែកមុខទំនិញនាំចូលសំខាន់ៗ រួមមាន វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក យានយន្ត និងគ្រឿងចក្រ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ៕