ឆេះឃ្លាំងស្នោនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ខូចខាតទ្រព្យសម្បត្តិទាំងស្រុង
ភ្នំពេញ៖ ឃ្លាំងដាក់ស្នោ១កន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតទ្រព្យសប្បត្តិទាំងស្រុង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេបានឃើញផ្សែងហ៊ុយចេញពីឃ្លាំងកើតហេតុ រួចបង្កជាអណ្តាតភ្លើងយ៉ាងធំ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបពលរដ្ឋក្នុងភូមិនាំគ្នាស្រែកឲ្យជួយយកទឹកពន្លត់ និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ។
បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញពីគោលដៅជិតបំផុត ទៅអន្តរាគមន៍ភ្លាមៗហើយមន្ត្រីជំនាញបានគ្រប់គ្រងករណីអគ្គិភ័យនេះទាំងស្រុង នៅយប់ថ្ងៃខែឆ្នាំដដែល។ ចំពោះការខូចខាតឃ្លាំងទាំងមូល និងសម្ភាៈនៅខាងក្នុងទាំងស្រុង ប៉ុន្តែគ្មានមនុស្សរងរបួសនោះទេ។
ករណីនេះ មន្ត្រីជំនាញបានប្រើរថយន្តបាញ់ទឹកអស់ជាច្រើនគ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ កុំឱ្យរាលដាលបន្តទៀតបាន។ ចំពោះមូលហេតុដែលបង្កឲ្យឆេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវ៕
អត្ថបទ៖ រដ្ឋ រង្សី